មន្ត្រីនគរបាលនិយាយថា មនុស្សយ៉ាងហោចណាស់៤នាក់ រួមទាំងជំនួយការស្នងការម្នាក់ ត្រូវបានសម្លាប់និង១១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅក្នុងស្រុកកុលសម្ព័ន្ធ Bajaur ក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថាននៅភាគពាយព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ទី២ ខែកក្កដា។

នគរបាលបានបញ្ជាក់ថា គោលដៅគឺជាយានយន្តរបស់ជំនួយការស្នងការ លោក Faisal Ismail ជាអ្នកដែលស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងការបំផ្ទុះនេះ។ ស្នងការរង លោក Shahid Ali បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្នុងចំណោមអ្នកស្លាប់មានជំនួយការស្នងការ មន្ត្រីចំណូល និងនគរបាល។ លោក Ali បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីប្រភពនៃការបំផ្ទុះ។

មន្ត្រីនគរបាលក្នុងតំបន់ បាននិយាយថា ការវាយប្រហារនេះទំនងជាការបំផ្ទុះគ្រាប់បែកអត្តឃាត។ មន្ត្រីនិយាយថា «តាមព័ត៌មានបឋម អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានជិះម៉ូតូបោះគ្រឿងផ្ទុះចូលទៅក្នុងរថយន្តរបស់ជំនួយការស្នងការ ហើយបានសម្លាប់លោក និងមនុស្សបីនាក់ផ្សេងទៀត នៅក្នុងរថយន្តភីកអាប់មួយគ្រឿង កាលពីថ្ងៃពុធ។ បញ្ជីរាយឈ្មោះពីមន្ទីរពេទ្យស្រុក Bajaur បានបង្ហាញថា មន្ទីរពេទ្យបានទទួលសាកសពចំនួន៤នាក់ និងអ្នករងរបួសចំនួន១៨នាក់។
គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះភ្លាមៗនៅឡើយទេ។ ស្រុកកុលសម្ព័ន្ធដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាចំណុចក្តៅសម្រាប់សកម្មភាពសកម្មប្រយុទ្ធអ៊ីស្លាមនិយមតាំងពីយូរយារណាស់មកហើយ ដោយមានក្រុមជាច្រើនធ្វើប្រតិបត្តិការឆ្លងកាត់ភាគីទាំងពីរនៅព្រំដែន។ ប៉ាគីស្ថាន បានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធដដែលៗថាបានប្រើប្រាស់ជំរំហ្វឹកហាត់ក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីបើកការវាយប្រហារនៅក្នុងទឹកដីរបស់ខ្លួន ជាការអះអាងដែលទីក្រុងកាប៊ុលបានបដិសេធ ដោយនិយាយថាការបះបោរនេះកើតចេញពីបញ្ហាផ្ទៃក្នុងរបស់ប្រទេសប៉ាគីស្ថាន។