កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញពីចក្ខុវិស័យនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ផ្លូវថ្នល់តាំងពីដើមរៀងមក ជាពិសេសការកសាងឡើងវិញ ផ្លូវជាតិលេខ ៤៨ខេត្តកោះកុង ជាការតភ្ជាប់នឹងធ្វើឱ្យរបៀងសេដ្ឋកិច្ចមាត់សមុទ្រ នឹងមានការគ្របដណ្តប់ផ្នែកទិសនិរតីទាំងមូល។
សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញមោទនភាពខាងវិស័យសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ក្នុងប្រវែង ១៤៨គីឡូម៉ែត្រ ដែលប្រារព្ធពិធីបើកការដ្ឋាននៅស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២២នេះ។
ជាមួយនឹងការរំលឹកឡើងវិញនូវប្រវត្តិពីអតីតកាលនៃការលំបាកផ្នែកហេដ្ឋារចនាសម្ព័ន្ធទៅមក និងទំនាក់ទំនងសេដ្ឋកិច្ចពីអតីតកាលជាពិសេសការផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយប្រទេសថៃតាំងពីដើមតរៀងមកនោះ សម្តេចបានមានប្រសាសន៍ថា៖ មុននេះរបៀងសេដ្ឋកិច្ចមាត់សមុទ្ររបស់យើងមានត្រឹមតែខេត្តព្រះសីហនុប៉ុណ្ណោះ តែឥឡូវយើងមានច្រករបៀងសេដ្ឋកិច្ចមាត់សមុទ្រគ្របដណ្តប់ផ្នែកនិរតីទាំងមូល លើការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទៅវិញទៅមក ជាពិសេសរវាងប្រទេសថៃ កម្ពុជា និងវៀតណាមជាដើម។
សូមបញ្ជាក់ថា៖ ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។
គម្រោងខាងលើនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ ៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕ អត្ថបទ៖ មុត សុទ្ធ











