ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធបានប្រកាសបិទដែនអាកាសនៅភាគកណ្តាល និងភាគខាងលិចរបស់ប្រទេសចំពោះជើងហោះហើរឆ្លងកាត់អន្តរជាតិ បន្ទាប់ពីបានបើកវាឡើងវិញ កាលពី៥ថ្ងៃមុន។

អ្នកនាំពាក្យក្រសួងផ្លូវថ្នល់និងអភិវឌ្ឍន៍ទីក្រុងរបស់អ៊ីរ៉ង់ លោក Majid Akhavan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការអនុម័តពីអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ និងដោយការពិនិត្យមើលពីការវាយតម្លៃសុវត្ថិភាពនិងសន្តិសុខ ក្រោមកាលៈទេសៈបច្ចុប្បន្នរបស់ប្រទេស។

លោកបាននិយាយថា ការផ្អាកជើងហោះហើរក្នុងស្រុកនិងអន្តរជាតិ ទៅ និងមកពីអាកាសយានដ្ឋាននៅភាគខាងជើង ភាគខាងត្បូង និងខាងលិចរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានពន្យារពេលរហូតដល់ម៉ោង ១៤:០០នាទី ម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបាននិយាយបន្ថែមថា ដែនអាកាសភាគខាងកើតរបស់ប្រទេស ដែលត្រូវបានបើកឡើងវិញកាលពីថ្ងៃទី២៩ ខែមិថុនា សម្រាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ នឹងនៅតែបើកដដែល។
ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបើកឡើងវិញដែនអាកាសរបស់ខ្លួន នៅតំបន់កណ្តាល និងភាគខាងលិចដល់ជើងហោះហើរឆ្លងកាត់អន្តរជាតិ។ ប្រទេសនេះ បានបិទដែនអាកាសរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងតេអេរ៉ង់ និងតំបន់ផ្សេងៗទៀត។ បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃ ប្រទេសទាំងពីរសម្រេចបានបទឈប់បាញ់ នៅថ្ងៃទី ២៤ ខែមិថុនា។