ក្រុមសមាជិកសភាទ្វេបក្ស បានស្នើឱ្យលោកប្រធានាធិបតី Donald Trump បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 និងគ្រាប់បែកខួងទម្លុះគោលដៅ "bunker buster" ទម្ងន់ ៣០.០០០ ផោនទៅអ៊ីស្រាអែល ប្រសិនបើអ៊ីរ៉ង់ត្រូវបានគេរកឃើញថានៅតែកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុន។

ដោយត្រូវបានស្នើឡើងដោយតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋលោក Josh Gottheimer និងលោក Mike Lawler ចំណាត់ការបញ្ជូនគ្រាប់បែក Bunker Buster នឹងអនុញ្ញាតឱ្យលោកTrump ចាត់វិធានការដើម្បីធានាថាអ៊ីស្រាអែលត្រូវបានរៀបចំសម្រាប់គ្រប់កាលៈទេសៈទាំងអស់ប្រសិនបើអ៊ីរ៉ង់ស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
អ្នកបើកយន្តហោះទម្លាក់គ្រាប់បែក B-2 បានទម្លាក់គ្រាប់បែកខួងបំផ្ទុះគោលដៅចំនួន ១៤ គ្រាប់លើទីតាំងនុយក្លេអ៊ែរសំខាន់ៗទាំងបីរបស់អ៊ីរ៉ង់ ក្នុងចំណាត់ការដែលលោក Trump អះអាងថាបានកម្ទេចចោលទាំងស្រុង នូវកម្មវិធីនុយក្លេអ៊ែររបស់របបអ៊ីរ៉ង់។
ភាគីអ៊ីស្រាអែលវិញ បានវាយប្រហារលើទីតាំងរោងចក្រនុយក្លេអ៊ែរមួយចំនួនរបស់អ៊ីរ៉ង់ ហើយបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ជាច្រើនរូប ប៉ុន្តែខ្លួនគ្មានគ្រាប់បែកខួងទម្លុះគោលដៅ GBU 57 ទម្ងង់ ៣០.០០០ផោន និងគ្រាប់បែកប្រើប្រព័ន្ធទូរបញ្ជាបាញ់ស៊ីបគោលដៅដែលបានអភិវឌ្ឍន៍សម្រាប់កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិកទេ។ អាវុធប្រវែង២០ហ្វីត អាចបុកចូលក្នុងជម្រៅ២០០ហ្វីតទៅខាងក្នុងគោលដៅមុនពេលផ្ទុះ៕

