ក្រុមបាតុករមកពីសមាជិកគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល បានធ្វើបាតុកម្មនៅទីក្រុង Tel Aviv កាលពីថ្ងៃពុធ ២កក្កដា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយក្រុមហាម៉ាស និងការដោះលែងមនុស្ស ៥០នាក់នៅសេសសល់ដែលនៅតែជាប់ឃុំឃាំងក្នុងដែនដីហ្កាហ្សា។

បាតុកម្មនេះ ត្រូវបានរៀបចំឡើងដោយក្រុមបាតុករអ៊ីស្រាអែល "101 watch" ដែលជាអង្គការរបស់ម្តាយ និងបងប្អូនស្រីៗនៃចំណាប់ខ្មាំង។
ក្រុមអ្នកតវ៉ាក៏បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ចប់សង្គ្រាមនៅហ្កាហ្សាផងដែរ ។
បាតុករអ៊ីស្រាអែលឈ្មោះ Lee Siegel បាននិយាយថា ខ្ញុំគិតថាគ្មានបទឈប់បាញ់ទេ ទាល់តែរថក្រោះ និងកាំភ្លើង ឈប់បាញ់។
ក្រុមអ្នកតវ៉ាភាគច្រើនបានស្រែករិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចំពោះដំណោះស្រាយរបស់លោកក្នុងការនាំយកចំណាប់ខ្មាំងត្រឡប់មកវិញនិងព្រមព្រៀងឲ្យមានបទឈប់បាញ់។

ការតវ៉ានេះបានកើតឡើងដំណាលគ្នានឹងលោក Trump ប្រកាសកាលពីថ្ងៃអង្គារទី១ កក្កដា ថា អ៊ីស្រាអែលបានយល់ព្រមលើលក្ខខណ្ឌដែលត្រូវការដើម្បីឈានដល់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃជាមួយក្រុមហាម៉ាស បន្ទាប់ពីកិច្ចប្រជុំរវាងតំណាងរបស់លោក និងក្រុមមន្ត្រីអ៊ីស្រាអែល៕