អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទៅចូលរួមសវនាការស្ដាប់សក្ខីកម្មសាក្សីរបស់ព្រះរាជអាជ្ញារដ្ឋនៅថ្ងៃព្រហស្បតិ៍ (០៣ កក្កដា) នេះ ដែលត្រូវគ្រោងទុកថាជាសវនាការចុងក្រោយរបស់សាក្សីរដ្ឋ នៅក្នុងសំណុំរឿងមាត្រាទី១១២ លើបណ្ដឹងប្រមាថព្រះមហាក្សត្រប្រឆាំងនឹងរូបលោក។

លោក ថាក់ស៊ីន ដែលត្រូវចោទពីប្រមាថព្រះមហាក្សត្រនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៥ បានទៅដល់តុលាការព្រហ្មទណ្ឌក្នុងរថយន្ត Rolls-Royce ពណ៌ខៀវ ដូចពេលដែលលោកចូលរួមសវនាការស្ដាប់សាក្សីរដ្ឋកាលពីថ្ងៃពុធ។ ប្អូនថ្លៃរបស់លោកគឺ លោក Somchai Wongsawat ក៏បានចូលរួមសវនាការនោះផងដែរ ដើម្បីផ្តល់ការគាំទ្រ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនចូលសវនាការ មេធាវីរបស់លោក ថាក់ស៊ីន គឺលោក Winyat Chartmontree បាននិយាយថា ព្រះរាជអាជ្ញារដ្ឋដែលទទួលបន្ទុកលើសំណុំរឿងនេះ គ្រោងនឹងបង្ហាញសក្ខីកម្មពីសាក្សីរដ្ឋ ៣នាក់ នៅថ្ងៃព្រហស្បតិ៍នេះ។ លោក Winyat និយាយថា លោកជឿថាសាក្សីរដ្ឋទាំងនោះ អាចបញ្ចប់ការផ្តល់សក្ខីកម្មនៅក្នុងថ្ងៃនេះ បើមិនដូច្នេះទេ ព្រះរាជអាជ្ញានឹងត្រូវស្នើតុលាការឱ្យធ្វើសវនាការសាក្សីមួយទៀត។
លោកមេធាវីរូបនេះបញ្ជាក់ថា សំណុំរឿងនេះមានហេតុផលនយោបាយ ដោយលោក ថាក់ស៊ីន ជាជនរងគ្រោះ ហើយមិនបានទទួលយុត្តិធម៌ពីភ្នាក់ងាររដ្ឋាភិបាល ដែលទទួលបន្ទុកសំណុំរឿងនេះតាំងពីដើមទីមក៕

