សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ បានប្រកាសថា ឧបនាយករដ្ឋមន្រ្តីថៃ លោក Phumtham Wechayachai វ័យ ៧១ឆ្នាំ ត្រូវបានបញ្ជាក់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ០៣ កក្កដា នេះ ថាជានាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ។

លោក Phumtham គឺជាអ្នកនយោបាយជើងចាស់មួយរូបរបស់គណបក្សភឿថៃ ដែលបានធ្វើការជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ហើយក៏ជាកម្លាំងជំរុញនៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ន។ លោក Phumtham ទទួលតួនាទីនេះ បន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរតំណែងរបស់នាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ក្នុងសប្តាហ៍នេះ។
សេចក្ដីប្រកាសនេះកើតឡើងស្របពេលដែលគណៈរដ្ឋមន្ត្រីថ្មីសរុបចំនួន ១៤រូប ស្បថចូលកាន់តំណែងដោយព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃព្រហស្បតិ៍ដដែលនេះ រួមទាំងលោកស្រី Paetongtarn ដែលនឹងចូលកាន់តួនាទីគណៈរដ្ឋមន្ត្រីថ្មីជារដ្ឋមន្ត្រីក្រសួងវប្បធម៌។
តំណែងថ្មីរបស់លោក Phumtham ត្រូវបានមើលឃើញយ៉ាងទូលំទូលាយថាជាចលនាយុទ្ធសាស្ត្រមួយដោយក្រុមចម្រុះដែលកំពុងកាន់អំណាច ដើម្បីធានាបាននូវការបន្តដឹកនាំ និងបង្ហាញពីស្ថិរភាព ស្របពេលមានសម្ពាធនយោបាយកើនឡើងជុំទិស ភាពច្របូកច្របល់ក្នុងសង្គម និងជម្លោះផ្ទៃក្នុង។
លោកធ្លាប់កាន់តំណែងគណៈរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើន រួមទាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីការពារជាតិ ហើយក៏ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីស្តីទីរយៈពេល ៣ថ្ងៃកាលពីឆ្នាំមុន បន្ទាប់ពីតុលាការធម្មនុញ្ញទម្លាក់តំណែងលោក សេដ្ឋា ថាវីស៊ីន ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ៕

