នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ (០២ កក្កដា) បានប្តេជ្ញាថានឹងលុបបំបាត់ឬសគល់របស់ក្រុមហាម៉ាស ខណៈក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះនិយាយថា ខ្លួនកំពុងពិភាក្សាសំណើថ្មីមួយពីអ្នកសម្រុះសម្រួលសម្រាប់បទឈប់បាញ់នៅដែនដីហ្កាហ្សា។

មេដឹកនាំអ៊ីស្រាអែលរូបនេះមិនទាន់អត្ថាធិប្បាយលើការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថាអ៊ីស្រាអែល បានគាំទ្រផែនការសម្រាប់បទឈប់បាញ់ ៦០ថ្ងៃ ក្នុងការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ក្នុងទឹកដីដែលត្រូវបំផ្លិចបំផ្លាញដោយសង្រ្គាមនោះទេ។ ប៉ុន្តែនៅមួយសប្តាហ៍មុនកិច្ចពិភាក្សាដែលគ្រោងទុកជាមួយលោក Trump ក្នុងទីក្រុងវ៉ាស៊ីនតោន លោកNetanyahu បានប្តេជ្ញាថានឹង "បំផ្លាញ" ក្រុមហាម៉ាស "កម្ទេចមូលដ្ឋានគ្រឹះរបស់ពួកគេ"។
លោក Netanyahu នៅក្នុងសេចក្ដីអត្ថាធិប្បាយដែលថតទុកនៅក្នុងទីក្រុង Ashkelon ក្បែរព្រំដែនភាគខាងជើងនៃតំបន់ហ្កាហ្សា បានប្តេជ្ញាថា "អ៊ីស្រាអែលនឹងរំដោះចំណាប់ថ្នូរទាំងអស់ ហើយនឹងកម្ចាត់ក្រុមហាម៉ាសចោល"។ គួរឱ្យដឹងថា ក្នុងចំណោមចំណាប់ថ្នូរ ២៥១នាក់ដែលត្រូវចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក្នុងខែតុលា ឆ្នាំ២០២៣ កន្លងទៅ នៅសល់តែ ៤៩នាក់ប៉ុណ្ណោះបន្តជាប់ខ្លួននៅហ្កាហ្សា រួមទាំងមនុស្ស ២៧នាក់ ដែលយោធាអ៊ីស្រាអែលជឿថាបានស្លាប់បាត់ទៅហើយ។
សង្រ្គាមជិត ២១ខែមកនេះ បានបង្កើតលក្ខខណ្ឌមនុស្សធម៌យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជនជាង ២លាននាក់ ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈថ្មីៗនេះអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួន។ លោក Trump កាលពីថ្ងៃអង្គារ បានព្រមានក្រុមហាម៉ាស ឱ្យទទួលយកបទឈប់បាញ់ ៦០ថ្ងៃនេះ បើមិនដូច្នេះទេស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗសម្រាប់ក្រុមនេះ៕

