អាណាព្យាបាលមួយចំនួន បានយកចិត្តទុកដាក់ជាខ្លាំងចំពោះការរីកលូតលាស់របស់កូន ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ចាប់តាំងពីកូននៅតូចៗ ពួកគាត់ជាអាណាព្យាបាល បានចាប់ផ្ដើមទិញសៀវភៅ ឬជូនកូនៗឱ្យចូលរួមពិព័រណ៍សៀវភៅ រើសសៀវភៅដោយខ្លួនឯង ដើម្បីបណ្ដុះទម្លាប់អានជូនពួកគាត់។
ជារៀងរាល់ថ្ងៃ កំឡុងពេលដែលមានការរៀបចំពិព័រណ៍សៀវភៅ BIG BAD WOLF នៅផ្សាររុងរឿង ខណ្ឌជ្រោយចង្វា តាំងពីថ្ងៃទី ២៦ ខែមិថុនាមកនេះ តែងមានវត្តមានអាណាព្យាបាលជូនកូនតូចមកចូលរួម ឬពេលខ្លះអាណាព្យាបាលមកតែឯង ដើម្បីទិញសៀវភៅជូនកូនរបស់ពួកគាត់។
ជាក់ស្ដែងកាលពីម្សិលម៉ិញនេះ ក៏មានវត្តមានអាណាព្យាបាលមួយចំនួន ក្រោយសម្រាកពីការងារក៏បានមករកទិញសៀវភៅជូនកូនៗផងដែរ។ ខ្លះមកជាមួយកូន ខ្លះមកតែឯង ដោយក្នុងគោលដៅរួមគឺ បណ្ដុះទម្លាប់អានសម្រាប់កូនៗតាំងពីវ័យកុមារ។ ពួកគាត់ម្នាក់ៗផ្ដល់គុណតម្លៃជាខ្លាំង ទៅលើការអានសៀវភៅ។ ពួកគាត់ចង់ឃើញកូនៗ កាន់សៀវភៅអានរាល់ពេលទំនេរ ចង់ឃើញកូនក្លាយជាធនធានសំខាន់ ធនធានពោពេញដោយចំណេះដឹងសម្រាប់អនាគតកម្ពុជា។
ស្របពេលដែលពួកគាត់កំពុងជំរុញទម្លាប់ការអានដល់កូនៗ ពួកគាត់ក៏ចង់ឃើញអាណាព្យាបាលដទៃទៀត ធ្វើរឿងដូចគ្នា។ ធ្វើជាគំរូដល់កូន ដោយចាប់ផ្ដើមដំបូង ពីការអានសៀវភៅឱ្យកូនស្ដាប់នៅពេលពួកគាត់មិនទាន់ចេះអាន និងជំរុញឱ្យពួកគាត់អានដោយខ្លួនឯង នៅពេលពួកគេមានសមត្ថភាពអានអក្សរ មិនថាជាភាសាខ្មែរ ឬភាសាបរទេស។
ជាការយកទឹកដាក់លើការជំរុញការអាន សម្រាប់ប្រជាពលរដ្ឋទូទៅទាំងអស់ កម្មវិធីពិព័រណ៍សៀវភៅជាច្រើន ត្រូវបានរៀបចំ ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ ក្នុងនោះមានពិព័រណ៍សៀវភៅថ្នាក់ជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយក៏មានវត្តមានពិព័រណ៍សៀវភៅ Big Bad Wolf ដែលតែងចូលរួមក្នុងការលើកកម្ពស់ការអានសៀវភៅនៅកម្ពុជាផងដែរ។ ជាក់ស្ដែងសម្រាប់ឆ្នាំ ២០២៥នេះ ពិព័រណ៍សៀវភៅជាភាសាអង់គ្លេសមួយនេះ កំពុងរៀបចំនៅផ្សាររុងរឿង ខណ្ឌជ្រោយចង្វា ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី ៦ ខែកក្កដា ផងដែរ៕ អត្ថបទ៖ គឹម ហុក















