ក្រុមអ្នកជំនាញមជ្ឈិមបូព៌ាកាលពីថ្ងៃពុធ បាននិយាយក្នុងអំឡុងពេលពិភាក្សាអំពីការវិវឌ្ឍក្នុងតំបន់ថា ការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសឈូងសមុទ្រអារ៉ាប់និងអ៊ីរ៉ង់ល្អប្រសើរឡើង បានជួយទប់ស្កាត់ជម្លោះថ្មីៗជាមួយអ៊ីស្រាអែលនេះ។

អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើអ៊ីរ៉ង់កាលពីថ្ងៃទី ១៣ ខែមិថុនា ដោយកំណត់គោលដៅទៅលើកម្មវិធីនុយក្លេអ៊ែរ និងទីតាំងយោធារបស់ប្រទេសនេះ។ អ៊ីរ៉ង់បានសងសឹកក្នុងអំឡុងជម្លោះ ១២ថ្ងៃដោយការបាញ់មីស៊ីលឆ្ពោះទៅកាន់ទីក្រុងនានារបស់អ៊ីស្រាអែល។

មនុស្សជាច្រើនបារម្ភថា សង្រ្គាមអាចនឹងកើនឡើង ដែលអូសបន្លាយក្នុងប្រទេសផ្សេងទៀត ក្នុងតំបន់ ជាពិសេស បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលរួមក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ២២ ខែមិថុនា ដោយទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់។
ខណៈពេលដែលអ៊ីរ៉ង់ បានសងសឹកអាមេរិក ដោយវាយប្រហារមូលដ្ឋានទ័ពអាកាស Al-Udeid ក្នុងប្រទេសកាតា កាលពីថ្ងៃទី ២៣ ខែមិថុនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់ពីរថ្ងៃក្រោយមក ហើយអ៊ីរ៉ង់បានសម្រេចមិនវាយប្រហារលើគោលដៅអាមេរិកផ្សេងទៀត នៅក្នុងតំបន់។
នៅពេលដែលសង្រ្គាម បានចាប់ផ្តើម បណ្តាប្រទេសឈូងសមុទ្រ បានថ្កោលទោសការវាយប្រហាររបស់ អ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយបានអំពាវនាវឲ្យមានបន្ធូរបន្ថយភាពតានតឹង។ មានការផ្លាស់ប្តូរក្នុងតំបន់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចេញពីទំនាក់ទំនងអរិភាពជាមួយអ៊ីរ៉ង់ ទៅជាទំនាក់ទំនងជាក់ស្តែងមួយបន្ថែមទៀត ដែលត្រូវបានពង្រឹងដោយកិច្ចព្រមព្រៀងសម្របសម្រួលដោយចិនរវាងទីក្រុងរីយ៉ាដ និងទីក្រុងតេអេរ៉ង់ ក្នុងខែមីនា ឆ្នាំ ២០២៣។