មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធថា ក្រុមនេះនៅប្រទេសលីបង់ នឹងមិនបោះបង់ចោលអាវុធរបស់ខ្លួនឡើយ ដោយលើកឡើងពី «ការគំរាមកំហែងយ៉ាងពិតប្រាកដ និងជាយុទ្ធសាស្ត្រ»ពីអ៊ីស្រាអែល។
ថ្លែងក្នុងអំឡុងពេលព្រឹត្តិការណ៍ក្រុមប្រឹក្សា Ashura នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត លោក Qassem បាននិយាយថា៖«អាវុធរបស់យើង គឺសម្រាប់ទប់ទល់នឹងអ៊ីស្រាអែល ហើយយើងនឹងមិនបោះបង់សិទ្ធិនេះឡើយ»។

សុន្ទរកថារបស់ Qassem ដែលត្រូវបានចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ al-Manar បានកើតឡើង ស្របពេលមានការអំពាវនាវឲ្យលីបង់ធានាដល់ការគ្រប់គ្រងរបស់រដ្ឋឲ្យកាន់តែខ្លាំងឡើងលើក្រុមប្រដាប់អាវុធទាំងអស់ នៅក្នុងទឹកដីរបស់ខ្លួន។
ក្រុមហេសបូឡាបានទទូចថា អាវុធរបស់ខ្លួនមានសារៈសំខាន់សម្រាប់ការពារប្រទេសលីបង់ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល។ លោក Qassem បាននិយាយនៅក្នុងសុន្ទរកថារបស់ខ្លួនថា៖«អ៊ីស្រាអែលគឺជាការគំរាមកំហែងពិតប្រាកដ និងជាយុទ្ធសាស្ត្រ មិនត្រឹមតែចំពោះប៉ាឡេស្ទីន និងលីបង់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូល»។ «យើងគឺជាក្រុមតស៊ូ។ កាតព្វកិច្ចរបស់យើង គឺទប់ទល់ និងត្រូវប្រឈមមុខ»។

លោក Qassem ក៏បានច្រានចោលរាល់ការជ្រៀតជ្រែករបស់បរទេស នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសលីបង់ ដោយបានលើកឡើងថា៖«បញ្ហាដូចជាអាវុធ គឺជាបញ្ហាផ្ទៃក្នុង ដែលត្រូវដោះស្រាយក្នុងចំណោមប្រជាជនលីបង់។ អ៊ីស្រាអែល គ្មានសិទ្ធិធ្វើអន្តរាគមន៍ ត្រួតពិនិត្យ ឬតាមដានកិច្ចសន្ទនាអំពីប្រទេសរបស់យើងទេ»។