ឯកអគ្គរដ្ឋទូតកាតាប្រចាំនៅទីក្រុងមូស្គូលោក Ahmed bin Nasser bin Jassim Al Thani បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន TASSថា ប្រទេសនេះ ត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលពឹងផ្អែកលើការទូត។

លោកបានលើកឡើងថា៖«ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាវិបត្តិធ្ងន់ធ្ងរ ហើយវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រេចបាននូវដំណោះស្រាយការទូតរបស់ខ្លួន។ យើងសង្ឃឹមថា សន្តិភាពនឹងត្រូវបានសម្រេចតាមរយៈការចរចា និងការទូត។ រដ្ឋកាតាតែងតែត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយជម្លោះនយោបាយ ឬជម្លោះយោធារវាងរដ្ឋនិងរដ្ឋ»។
អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ មានទំនាក់ទំនងដ៏ពិសេស។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា៖«រដ្ឋកាតាប្តេជ្ញាធានាសន្តិភាព និងសន្តិសុខនៅទូទាំងពិភពលោក រួមទាំងនៅមជ្ឈិមបូព៌ា ដែលជាតំបន់មានសារៈសំខាន់ខ្លាំងមួយដែរនោះ»។

លោកបានបន្ថែមថា៖«រដ្ឋកាតាស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani ដែលជាព្រះចៅមហាម៉ាត់នៃប្រទេសកាតា ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី។ ព្រះអង្គម្ចាស់ Al Thani បានសង្កត់ធ្ងន់ជាថ្មីថា ការទូត គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការដោះស្រាយជម្លោះណាមួយ រួមទាំងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។