នាវាផ្ទុកយន្តហោះផលិតក្នុងស្រុកដំបូងរបស់ប្រទេសចិន Shandong បានបើកចូលទៅក្នុងដែនទឹកទីក្រុងហុងកុងនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដានេះ ដោយឆ្លងកាត់ព្រែកជីក East Lamma មុនពេលបោះយុថ្កានៅតំបន់ចតនាវាភាគខាងលិចកំពង់ផែ Victoria ។

នាវា Shandong មានប្រវែងប្រហែល៣១៥ម៉ែត្រ និងមានទទឹង៧៥ម៉ែត្រ ដោយមានជាន់ចតយន្តហោះប្រវែង៣០០ ម៉ែត្រ ហើយនាវាផ្លាស់ទីផ្ទុកទម្ងន់បានប្រហែល ៦០.០០០តោន និងអាចផ្ទុកយន្តហោះបាន៤៤គ្រឿង។
អ្នកមកទស្សនា រួមមានអ្នកស្រុក និងអ្នកគាំទ្រយោធា បានប្រមូលផ្តុំគ្នានៅតាមបណ្តោយឆ្នេរសមុទ្រ ដើម្បីមើលទិដ្ឋភាពនៃក្រុមទទួលភារកិច្ចលើនាវាផ្ទុកយន្តហោះ។ ក្នុងចំណោមហ្វូងមនុស្សមានលោក Richard Yip ជាអ្នកគាំទ្រយោធាមកក្រុង Dongguan ក្នុងខេត្តក្វាងទុង(Guangdong) ជាអ្នកដែលបាននិយាយថា ដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះមកកាន់ទីក្រុងហុងកុង បង្ហាញពីអំណាចយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន។
នាវា Shandong អមដោយក្បួននាវា រួមទាំងនាវាពិឃាតចិន Zhanjiang និងនាវាចម្បាំង Yuncheng គ្រោងនឹងបន្តនៅក្នុងទីក្រុងហុងកុងរយៈពេលប្រាំថ្ងៃ។ សាធារណជននឹងត្រូវបានអនុញ្ញាតឱ្យឡើងជិះ និងដើរមើលលើនាវានេះនៅថ្ងៃចុងសប្តាហ៍។
