ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Microsoft បានប្រកាសថាក្រុមហ៊ុននឹងកាត់បន្ថយការងារប្រហែល៩.០០០កន្លែង នៅក្នុងជុំទីពីរនៃការកាត់រំសាយការងារសំខាន់ៗនៅឆ្នាំនេះ។ ក្រុមហ៊ុននេះ ត្រូវបានគេជឿថាកំពុងផ្តោតសំខាន់លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងសម្រួលឲ្យកាន់តែប្រសើរនូវប្រតិបត្តិការរបស់ខ្លួន។

ក្រុមហ៊ុន Microsoft បានបង្ហាញផែនការរបស់ខ្លួនកាលពីថ្ងៃពុធ ដោយនិយាយថា ក្រុមហ៊ុននឹងកាត់បន្ថយកម្លាំងពលកម្មសរុបរបស់ខ្លួននៅត្រឹមក្រោម៤ភាគរយ។ ក្រុមមន្ត្រី បាននិយាយថាក្រុមហ៊ុន Microsoft មានបុគ្គលិកប្រហែល ២២៨.០០០នាក់គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយបានបង្ហាញថាបុគ្គលិកប្រហែល ៩.០០០នាក់នឹងត្រូវបានកាត់រំសាយពីការងារ។
អ្នកនាំពាក្យរបស់ក្ររុមហ៊ុន Microsoft និយាយថា «យើងបន្តអនុវត្តការផ្លាស់ប្តូរដែលបានរៀបចំជាចាំបាច់ ដើម្បីដាក់ទីតាំងក្រុមហ៊ុន និងក្រុមការងារឱ្យល្អបំផុតសម្រាប់ភាពជោគជ័យនៅលើទីផ្សារ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Microsoft បានប្រកាសកាលពីខែឧសភាថា ក្រុមហ៊ុននឹងលុបចោលការងារប្រហែល ៦.០០០កន្លែង ។
ក្រុមហ៊ុននិយាយថា ខ្លួនមានបំណងបង្កើនប្រសិទ្ធភាព តាមរយៈការសម្រួលដើម្បីធ្វើឲ្យប្រសើរប្រតិបត្តិការរបស់ខ្លួន រួមទាំងការកាត់បន្ថយបុគ្គលិកគ្រប់គ្រងរបស់ក្រុមហ៊ុន។

