អាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រទេសបារាំង បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ឱ្យលុបចោលជើងហោះហើរ៤០ភាគរយនៅអាកាសយានដ្ឋានប៉ារីស នៅថ្ងៃព្រហស្បតិ៍នេះដោយសារតែការធ្វើកូដកម្មរបស់អ្នកគ្រប់គ្រងចរាចរណ៍ដែនអាកាស ដោយតំបន់ភាគខាងត្បូងបានជួបប្រទះការរំខានយ៉ាងខ្លាំងរួចហើយ នៅមុនថ្ងៃវិស្សមរដូវក្តៅ។

ការរំខានចរាចរណ៍ផ្លូវអាកាស ដែលផ្តើមចេញពីការធ្វើកូដកម្មនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ មិនសំដៅតែនៅក្នុងទីក្រុងប៉ារីសនោះទេ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិល (DGAC) បានរាយការណ៍ពីផលប៉ះពាល់យ៉ាងខ្លាំងដែលបានរាលដាលដល់ទីក្រុងជាច្រើនផ្សេងទៀតរបស់ប្រទេសបារាំង។ បន្ថែមលើផលប៉ះពាល់នៅអាកាសយានដ្ឋានប៉ារីស ជើងហោះហើរពាក់កណ្តាលនៅអាកាសយានដ្ឋានទីក្រុងនីស ជាទីក្រុងធំទីបីនៅក្នុងប្រទេសបារាំង ក៏ត្រូវបានលុបចោលផងដែរ។
កូដកម្មដែលដឹកនាំដោយសហជីពនៅក្នុងប្រទេសបារាំង ធ្វើឡើងបន្ទាប់ពីការចរចាដែលមិនទទួលបានជោគជ័យលើលក្ខខណ្ឌការងារ។ សហជីព បានរិះគន់ជាពិសេសចំពោះការខ្វះបុគ្គលិកក្រោមរចនាសម្ព័ន្ធ គម្រោងបច្ចេកទេសដែលគ្រប់គ្រងមិនបានល្អ និងអ្វីដែលពួកគេហៅថា«ការគ្រប់គ្រងបែបបំពុល» នៅក្នុងអាជ្ញាធរអាកាសចរណ៍ស៊ីវិល (DGAC) ។

