ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) នេះ បានឲ្យដឹងថា អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន បានប្រាប់សមភាគីសហភាពអឺរ៉ុប (EU) កុំបង្កើតឲ្យមាន «ការប្រឈមមុខដាក់គ្នា» បន្ទាប់ពីមានការជំរុញឲ្យទីក្រុងប៉េកាំងបញ្ឈប់ការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់អឺរ៉ុប។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា ក្នុងជំនួបជាមួយលោកស្រី Kaja Kallas នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃពុធ (ទី២ ខែកក្កដា) លោក Wang Yi បានបញ្ជាក់ថា ប្រទេសចិន និង EU «មិនគួរត្រូវបានចាត់ទុកថា ជាគូប្រជែងដោយសារតែភាពខុសគ្នានោះឡើយ ហើយក៏មិនគួរប្រឹងប្រែងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ដោយសារតែការមិនចុះសម្រុងគ្នា» នោះដែរ។
ក្នុងឱកាសនោះ លោក Wang បានលើកឡើងទៀតថា អឺរ៉ុបកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ប៉ុន្តែបានសង្កត់ធ្ងន់ថា គ្មានអ្វីដែលបណ្តាលមកពីប្រទេសចិននោះឡើយ «ទាំងអតីតកាល បច្ចុប្បន្ន ឬអនាគត»។ ទន្ទឹមនឹងនោះដែរ លោក Wang បានព្យាយាមបង្ហាញថា ទីក្រុងប៉េកាំង គឺជាអ្នកទប់ទល់ដ៏មានលំនឹង ចំពោះគូប្រជែងមហាអំណាច គឺទីក្រុងវ៉ាស៊ីនតោន ដែលបានគំរាមដាក់អត្រាពន្ធធ្ងន់ធ្ងរលើការនាំចូលពីបណ្ដាប្រទេសនៅអឺរ៉ុប។
ជាមួយគ្នានេះ ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង ក៏បានឲ្យដឹងផងដែរថា ភាគីទាំង២ បានពិភាក្សាអំពីបញ្ហាអ៊ុយក្រែន ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។
គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំរបស់ឥស្សរជនទាំង២ លោកស្រី Kallas ដែលជាប្រមុខកិច្ចការបរទេសរបស់ EU បាននិយាយថា ប្រទេសចិនមិនមែនជាសត្រូវរបស់យើងទេ ប៉ុន្តែផ្នែកសន្តិសុខ ទំនាក់ទំនងរបស់យើងកំពុងមានភាពអាប់អួខ្លាំងឡើងៗ៕
