ប្រទេសអូស្ត្រាលីបានលើកឡើងថា ការទិញមីស៊ីលល្បឿនលឿនជាងសំឡេងតម្លៃ ២ពាន់លានដុល្លារអូស្ត្រាលី (១,៣ពាន់លានដុល្លារ) ពីសហរដ្ឋអាមេរិក បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការចំណាយលើវិស័យការពារជាតិ ទោះបីជានាយករដ្ឋមន្ត្រី Anthony Albanese បានប្រឆាំងនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យយល់ព្រមលើគោលដៅ ៣,៥ភាគរយក៏ដោយ។
ហើយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ លោក Pat Conroy នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) បានបញ្ជាក់ពីការទិញមីស៊ីល AIM-120C-8 និង AIM-120D-3 ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Raytheon Technologies។ លោកបានបន្ថែមថា អាវុធទាំងនេះ នឹងត្រូវប្រើប្រាស់ដោយយន្តហោះចម្បាំង F/A-18 និង F-35 របស់អូស្ត្រាលី និងកងពលតូចថ្មី ដែលផ្តោតលើការវាយប្រហារគោលដៅលើអាកាសចម្ងាយរហូតដល់ ៥០០គីឡូម៉ែត្រ។

លោក Albanese ដែលមិនទាន់បានជួបប្រធានាធិបតី លោក Donald Trump បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ក្នុងការឲ្យយល់ព្រមបង្កើនចំណាយលើវិស័យការពារជាតិរយៈពេលវែងដល់ទៅ ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ការចំណាយត្រូវបានព្យាករថា នឹងឡើងដល់ ២,៣ភាគរយនៅឆ្នាំ២០៣៣។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong ដែលបានជួបជាមួយសមភាគីអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារ (ទី១ ខែកក្កដា) នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា អូស្ត្រាលីបានយក «វិធីសាស្រ្តស្របតាមសមត្ថភាព» ហើយបានប្តេជ្ញាចិត្តរួចហើយ ចំពោះការបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងអំឡុងពេលវេលាសន្តិភាពនេះ៕

