ប៉ូឡូញ បានបញ្ចប់ការចរចាជាមួយក្រុមហ៊ុន Hyundai Rotem របស់កូរ៉េខាងត្បូង ដើម្បីទទួលបានរថក្រោះ K2 ក្រុមទី២ ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យា។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារលទ្ធកម្មការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ (ទី២ ខែកក្កដា)។
រដ្ឋបាលកម្មវិធីលទ្ធកម្មការពារជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទំហំជាក់លាក់នៃកិច្ចសន្យា នឹងត្រូវបង្ហាញនៅពេលក្រោយ។
នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) ក្រុមហ៊ុន Hyundai Rotem បានឲ្យដឹងនៅក្នុងឯកសារផ្លូវការថា ទីភ្នាក់ងារលទ្ធកម្មអាវុធប៉ូឡូញ បានបញ្ជាក់ថា កិច្ចសន្យានេះ មានតម្លៃ ៦,៥ពាន់លានដុល្លារ។ ក្រុមហ៊ុនបានបញ្ជាក់ថា ព័ត៌មានលម្អិតបន្ថែមនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវបានប្រកាសនៅក្នុងឯកសារផ្លូវការ នាពេលក្រោយ។

ចំណែកទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះ គឺដើម្បីផ្គត់ផ្គង់រថក្រោះចំនួន ១៨០គ្រឿង។ នៅឆ្នាំ២០២២ ប្រទេសប៉ូឡូញ និងក្រុមហ៊ុន Hyundai Rotem បានយល់ព្រមលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ សម្រាប់កញ្ចប់ទី១ ឬរថក្រោះ K2 ចំនួន ១៨០គ្រឿង។
ខណៈពេលដែលកិច្ចសន្យាទី១ ផ្តោតលើរថយន្តយោធាផលិតដោយកូរ៉េខាងត្បូងដែលអាចផ្គត់ផ្គង់បានយ៉ាងឆាប់រហ័ស ស្របពេលដែលប៉ូឡូញបានចាត់វិធានការលឿនៗ ដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួន ក្នុងពេលមានសង្រ្គាម ដែលបង្កឡើងដោយរុស្ស៊ីនៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ក្រុមទី២ នេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ឲ្យក្រុមហ៊ុនផលិតអាវុធកូរ៉េនូវជំហរយូរអង្វែងបន្ថែមទៀត នៅក្នុងទ្វីបអឺរ៉ុប៕


