សកម្មជនគាំទ្រប៉ាឡេស្ទីន ៤នាក់ ត្រូវបានចោទប្រកាន់ បន្ទាប់ពីបានសម្រុកចូលមូលដ្ឋានអាកាសយោធា នៅកណ្តាលប្រទេសអង់គ្លេស កាលពីខែមុន និងធ្វើឲ្យខូចខាតយន្តហោះពីរគ្រឿង ក្នុងការតវ៉ាប្រឆាំងនឹងការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះអ៊ីស្រាអែល។
នគរបាលប្រឆាំងភេរវកម្ម បាននិយាយថា ការចោទប្រកាន់នេះ គឺសម្រាប់សមគំនិតគ្នាចូលទៅក្នុងកន្លែងហាមឃាត់ដោយចេតនា ក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព ឬផលប្រយោជន៍របស់ចក្រភពអង់គ្លេស និងការឃុបឃិត ដើម្បីបង្កការខូចខាតផ្នែកព្រហ្មទណ្ឌ។

អ្នកទាំង ៤នាក់ ដែលមានអាយុចន្លោះពី ២២ ទៅ ៣៥ឆ្នាំ នៅតែស្ថិតក្នុងការឃុំឃាំង ហើយនឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍នេះ។ នគរបាលបាននិយាយថា ពួកគេនឹងបង្ហាញភ័ស្តុតាងដែលភ្ជាប់បទល្មើសទៅនឹងអំពើភេរវកម្ម ទៅតុលាការ ។
ក្រុមយុទ្ធនាការ Palestine Action បាននិយាយថា ខ្លួននៅពីក្រោយឧបទ្ទវហេតុនេះ នៅថ្ងៃទី ២០ ខែមិថុនា នៅពេលដែលមូលដ្ឋានទ័ពអាកាសនៅតំបន់ Oxfordshire ភាគកណ្តាលនៃប្រទេសអង់គ្លេស ត្រូវបានខូច ហើយថ្នាំលាបពណ៌ក្រហម ត្រូវបានបាញ់លើយន្តហោះពីរគ្រឿងដែលប្រើសម្រាប់ចាក់សាំង និងដឹកជញ្ជូន។
