នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) នេះ ស្ថានទូតចិន ប្រចាំនៅប្រទេសហ្វីជី បានបដិសេធថា ទីក្រុងប៉េកាំងមិនមានគោលបំណងបង្កើតមូលដ្ឋានយោធា ឬដែនឥទ្ធិពល នៅក្នុងប្រជុំកោះប៉ាស៊ីហ្វិកនោះឡើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីហ្វីជី លោក Sitiveni Rabuka បាននិយាយថា ប្រទេសប្រជុំកោះនេះ កំពុងព្យាយាមទប់ទល់ប្រទេសចិនដែលកំពុងប្រឹងប្រែងពង្រីកឥទ្ធិពលរបស់ខ្លួន។
អ្នកនាំពាក្យស្ថានទូត បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការអះអាងអំពីប្រទេសចិន បង្កើតមូលដ្ឋានយោធា នៅតំបន់ប៉ាស៊ីហ្វិក គឺជារឿងមិនពិត។ វត្តមានរបស់ប្រទេសចិន នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺផ្តោតលើការកសាងផ្លូវថ្នល់ និងស្ពាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន មិនមែនលើការឈរជើង ឬបង្កើតមូលដ្ឋានយោធានោះឡើយ»។

គួរបញ្ជាក់ថា លោក Rabuka បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រទេសចិន ប៉ុន្តែបានជំទាស់នឹងទីក្រុងប៉េកាំងមិនឲ្យបង្កើតមូលដ្ឋានយោធា នៅក្នុងតំបន់។ លោកបានបន្ថែមថា ទោះក្នុងករណីណាក៏ដោយ ប្រទេសចិនមិនត្រូវការមានមូលដ្ឋាន ដើម្បីបង្កើតឥទ្ធិពល នៅក្នុងតំបន់នោះឡើយ។
តែយ៉ាងណាក្ដី អ្នកនាំពាក្យស្ថានទូតចិន បានឲ្យដឹងថា ហ្វីជី និងចិនគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។ ហើយសេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា៖ «ប្រទេសចិនមិនមានចំណាប់អារម្មណ៍លើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ឬស្វែងរកអ្វីដែលគេហៅថា «ដែនឥទ្ធិពល» នោះទេ៕
