ធម្មយាត្រា Amarnath បានចាប់ផ្តើមឡើងវិញនៅតំបន់កាស្មៀរ ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ រយៈពេលច្រើនខែក្រោយការវាយប្រហារសម្លាប់មនុស្សរបស់ក្រុមជីវពល ។
កាលពីថ្ងៃទី ២២ ខែមេសាកន្លងទៅ ក្រុមជីវពលប្រដាប់អាវុធដែលឥណ្ឌាចាត់ទុកថាជាក្រុមភេរវកម្ម បានលបចូលក្នុងតំបន់ជ្រលងភ្នំ Baisaran ស្ថិតក្នុងទីក្រុង Pahalgam តំបន់កាស្មៀ ហើយនិងបានសម្លាប់ភ្ញៀវទេសចរ ២៦នាក់ ។

ការវាយប្រហារនេះ បង្កឲ្យមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរឥណ្ឌា និងប្រទេសជិតខាងប៉ាគីស្ថាន នៅក្នុងការកើនឡើងភាពតានតឹងចុងក្រោយរបស់ពួកគេ ស្របពេលដែលទីក្រុងញូវដែល្លី បានដាក់ការស្តីបន្ទោសទីក្រុងអ៊ីស្លាម៉ាបាដសម្រាប់ការវាយប្រហារមួយនេះ តែប៉ាគីស្ថានធ្វើការច្រានចោលទាំងស្រុង និងទាមទារឲ្យមានការស៊ើបអង្កេតអព្យាក្រឹត ។
អ្នកធម្មយាត្រាមួយរូបមកពីរដ្ឋភាគខាងលិច Gujarat និយាយថា ពួកយើងមិនខ្វាយខ្វល់ពីក្រុមជីវពលនោះទេ ពួកយើងមិនខ្លាចនោះទេ ហើយពួកយើងនឹងបញ្ចប់ធម្មយាត្រាមួយនេះដោយជោគជ័យ ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ពឹងផ្អែកខ្លាំងលើឧស្សាហកម្មគ្មានផ្សែង ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការវាយប្រហារនៅថ្ងៃទី ២២ ខែមេសា ។
ការធ្វើធម្មយាត្រារងការវាយប្រហារម្តងហើយម្តងទៀតដោយក្រុមជីវពល ដែលការវាយប្រហារលើកមុន បានកើតឡើងកាលពីឆ្នាំ ២០១៧ ពេលដែលក្រុមធម្មយាត្រា ៨នាក់ ត្រូវបានសម្លាប់អំឡុងពេលពួនស្ទាក់វាយប្រហាររបស់ក្រុមជីវពល ៕
