ក្មេងស្រី Noor Al-Sheikh អាយុ ១៧ឆ្នាំ បានដើរជាមួយឪពុករបស់នាងឆ្លងកាត់ផ្លូវរាយប៉ាយដោយកម្ទេចកម្ទីនៅទីក្រុងហ្កាហ្សា ដើម្បីធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Al-Shifa សម្រាប់ការលាងតម្រោងនោមរបស់នាង ប៉ុន្តែការព្យាបាលរបស់នាងត្រូវបានលុបចោលដោយសារកង្វះប្រេងឥន្ធនៈ ។
ខណៈអង្គុយនៅក្នុងបន្ទប់លាងតម្រងនោមលែងប្រតិបត្តិការរបស់មន្ទីរពេទ្យ ក្មេងស្រី Al-Sheikh និយាយថា ថ្ងៃនេះពុំមានការលាងតម្រងនោមនោះទេ ដោយសារគ្មានប្រេងឥន្ធនៈ ពួកយើងស្នើសុំពិភពលោកមេត្តាអាណិតអាសូរដល់ពួកយើងផង ។

លោកវេជ្ជបណ្ឌិត Muhammad Abu Salamiyah ដែលជាប្រធានមន្ទីរពេទ្យនិយាយថា មន្ទីរពេទ្យ Al-Shifa បានបញ្ឈប់សេវាកម្មលាងតម្រងនោមកាលពីថ្ងៃអង្គារ ស្របពេលជួបកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ហើយនិងការកាត់ផ្តាច់ចរន្តអគ្គិសនី ធ្វើឲ្យអ្នកជំងឺជាង ៣៥០នាក់ លែងទទួលបានការព្យាបាល ។
លោក Abu Salamiyah បន្តថា ពួកយើងរក្សាបរិមាណប្រេងឥន្ធនៈមានកំណត់សម្រាប់ផ្នែកសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ និងផ្នែកវះកាត់ ពីព្រោះថា ផ្នែកសង្រ្គោះបន្ទាន់ មិនអាចដើរដោយគ្មានចរន្តអគ្គិសនីបាននោះទេ សូម្បីតែ ១នាទី ។
កាលពីថ្ងៃពុធ ក្រសួងសុខាភិបាលហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្ទីរពេទ្យ Al-Shifa ទទួលបានប្រេងឥន្ធនៈចំណុះ ៣ពាន់លីត្រពីទីភ្នាក់ងារអន្តរជាតិ ដែលល្មមគ្រប់គ្រាន់សម្រាប់រយៈពេល ២ថ្ងៃប៉ុណ្ណោះ ហើយពួកគេមិនអាចដោះស្រាយបញ្ហាកង្វះខាតប្រេងឥន្ធនៈបាននោះទេ និងជំរុញឲ្យមានលំហូរចូលប្រេងឥន្ធនៈ ដើម្បីរក្សាជីវិតអ្នកជំងឺ និងអ្នករងរបួស ៕

