សារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្ស ២នាក់ បានស្លាប់ និងមនុស្ស ១៦នាក់ផ្សេងទៀត រងរបួសនាថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ភាគខាងត្បូងប្រទេសម៉ាឡេស៊ី ក្រោយរថយន្តក្រុងទេសចរណ៍ដែលពួកគេធ្វើដំណើរ បានបុកជាមួយរថយន្តធំ ២គ្រឿង ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅទីក្រុង Ayer Hitam ដែលមានចម្ងាយប្រហែល ២៥០គ.មភាគអាគ្នេយ៍រដ្ឋធានីកូឡាឡាំពួ ។ វាគឺជាឧបទ្ទេវហេតុគ្រោះថ្នាក់ធ្ងន់ធ្ងរលើកទី ២ ពាក់ព័ន្ធនឹងរថយន្តក្រុង ក្នុងរយៈពេលតិចជា ១ខែ នៅលើផ្លូវដ៏គ្រោះថ្នាក់របស់ឥណ្ឌូនេស៊ី ។

លោក Mohamad Shamin Mohamed Salikin គឺជាប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្រ្គោះក្រុង Ayer Hitam និយាយថា ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ ជាប់ពាក់ព័ន្ធនឹងរថយន្តក្រុងដឹកភ្ញៀវទេសចរ រថយន្តដឹកទំនិញ Volvo និងរថយន្តសឺទែនប្រេង ។
លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានជាតិ Bernama ថា ក្រុមជួយសង្រ្គោះបានរកឃើញបុរស ២នាក់ ជាប់នៅក្នុងរថយន្តក្រុង ហើយនិងប្រកាសថាពួកគេស្លាប់នៅកន្លែងកើតហេតុ ។
អ្នកដំណើរ ១៦នាក់ រួមទាំងអ្នកបើកបរថយន្តក្រុងម្នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមនុស្ស ២៨នាក់ផ្សេងទៀត ពុំបានរងរបួសនោះទេ ។
ដោយឡែក មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើង ពុំត្រូវបានដឹងភ្លាមៗនោះទេ ប៉ុន្តែវាបានកើតមាន ក្រោយនិស្សិតម៉ាឡេស៊ី ១៥នាក់ បានស្លាប់កាលពីខែមុន នៅភាគខាងជើងប្រទេស ពេលដែលរថយន្តក្រុងដែលពួកគេធ្វើដំណើរ បានបុកជាមួយរថយន្តដឹកទំនិញរួចក្រឡាប់ផ្ងារពោះ ៕
