ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនវោហាសាស្ត្រប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈដែលទីក្រុងព្យុងយ៉ាង បានបង្ហាញសញ្ញាតិចតួចនៃការចូលរួមការទូត ជាមួយទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងសេអ៊ូល យ៉ាងហោចណាស់សម្រាប់ពេលនេះ។
សារព័ត៌មាន Rodong Sinmun របស់កូរ៉េខាងជើង បានចេញការរិះគន់នេះ ដោយពណ៌នារយៈពេលជាច្រើនទស្សវត្សរ៍នៃការបន្តសមយុទ្ធកូរ៉េខាងត្បូង-អាមេរិកថា ជាសញ្ញាមួយបង្ហាញថា មហិច្ឆតាឈ្លានពានរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងកូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរឡើយ។

កាសែតនេះ បាននិយាយថា៖«សូម្បីតែឥឡូវនេះ សហរដ្ឋអាមេរិក កំពុងបន្តគោលនយោបាយប្រឆាំងកូរ៉េខាងជើងពីមុនរបស់ខ្លួន ដោយបានបញ្ជូនគ្រឿងយុទ្ធោបករណ៍ជាយុទ្ធសាស្ត្រ ទៅកាន់ឧបទ្វីបកូរ៉េក្នុងកម្រិតមួយ ស្មើនឹងការដាក់ពង្រាយឥតឈប់ឈរ» ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីស្ថានភាពសន្តិសុខកាន់តែអាក្រក់ និងបង្កសកម្មភាពបង្កហេតុ។
សារព័ត៌មាន Rodong Sinmun បានបញ្ជាក់ថា៖«ពួកយើងកាន់តែខ្លាំងឡើងៗ... ការពិតនេះ ត្រូវបានបង្ហាញ ដោយការពិតដែលប្រឈមមុខនឹងប្រទេសមួយចំនួនដែលបានក្លាយជាគោលដៅនៃការឈ្លានពាន ហើយត្រូវបានវាយប្រហារ និងធ្វើឲ្យអាម៉ាស់ ដោយសារតែពួកគេខ្សោយ»។
