នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានព្រមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធ្វើឲ្យអន្តរាយដល់ភាគីទី ៣ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយថា ចិនតែងតែគាំទ្រឲ្យភាគីទាំងអស់ ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈកិច្ចសន្ទនាស្មើភាពគ្នា និងការពិគ្រោះយោបល់ ។
អ្នកស្រីបន្តថា នៅពេលតែមួយ កិច្ចចរចា និងកិច្ចព្រមព្រៀងពាក់ព័ន្ធ មិនគួរក្លាយជាគោលដៅ ឬធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ភាគីទី ៣នោះឡើយ ។
កិច្ចព្រមព្រៀងដែលបានប្រកាសកាលពីថ្ងៃពុធ គឺជាកិច្ចព្រមព្រៀងលក្ខណៈពេញលេញលើកដំបូងដែលលោក Trump សម្រេចបានជាមួយប្រទេសនៅអាស៊ី ។
វាបានកើតឡើងរយៈពេលតិចជាង ១សប្តាហ៍ប៉ុណ្ណោះ មុនពេលឱសានវាទដាក់ដោយខ្លួនឯងរបស់លោក Trump ចូលជាធរមាននៅថ្ងៃទី ៩ ខែកក្កដាខាងមុខនេះ សម្រាប់ពន្ធខ្ពស់ជាងមុនលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បើសិនជាពុំឈានដល់កិច្ចព្រមព្រៀង ។
លោក Trumpនិយាយថា សហរដ្ឋអាមេរិក នឹងដំឡើងពន្ធ ២០ភាគរយលើការនាំចេញជាច្រើនរបស់វៀតណាម ដោយធ្លាក់ចុះពីការដំឡើងពន្ធដំបូង ៤៦ភាគរយ ដែលបានប្រកាសកាលពីខែមេសា ៕