យោធាអ៊ុយក្រែន និងក្រុមមន្រ្តីក្នុងតំបន់និយាយនាថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារយានដ្រូនរុស្ស៊ីលើទីក្រុង Poltava ស្ថិតនៅភាគកណ្តាលប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស ២នាក់ និងខូចខាតមជ្ឈមណ្ឌលជ្រើសរើសយោធា ។
អភិបាលតំបន់ Poltava លោក Volodymyr Kohut និយាយថា មនុស្ស ១១នាក់ផ្សេងទៀត បានរងរបួស ខណៈយោធារាយការណ៍ពីអគ្គិភ័យឆាបឆេះអគារមជ្ឈមណ្ឌលជ្រើសរើសយោធា និងអគាររស់នៅអ្នកស្រុកក្បែរនោះ ។
រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គមឃើញយានដ្រូនយ៉ាងហោច ៣ គ្រឿង វាយប្រហារទីក្រុង Poltava ។
រុស្ស៊ីបានបង្កើនការវាយប្រហារយានដ្រូន និងមីស៊ីល លើអ៊ុយក្រែនកាលពីខែមុន ហើយនិងបានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយចំនួន ចាប់តាំងពីការវាយលុកពេញបន្ទុករបស់ពួកគេ ចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
ក្រុមមន្រ្តីអ៊ុយក្រែន រួមទាំងលោកប្រធានាធិបតី Volodymyr Zelenskiy បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់នៃជំនួយការពារដែនអាកាសពីប្រទេសសម្ព័ន្ធមិត្ត ដើម្បីការពារការវាយប្រហារបែបនេះ ៕