រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) នេះ បាននិយាយថា រុស្ស៊ីអាចមានលទ្ធភាពបង្កការគំរាមកំហែងផ្នែកយោធាដល់ដែនដីនៃប្រទេសសមាជិករបស់អង្គការណាតូ (NATO) ក្នុងរង្វង់រយៈពេល ៥ឆ្នាំ។
លោក Crosetto កំពុងនិយាយទៅកាន់សមាជិកសភា ជុំវិញលទ្ធផលនៃកិច្ចប្រជុំកំពូលអង្គការណាតូ កាលពីសប្តាហ៍មុន ជាពេលដែលសម្ព័ន្ធមិត្តយោធាមួយនេះ បានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិ និងសន្តិសុខ។
លោកបានប្រាប់ថា៖ «សម្ព័ន្ធមិត្តបានមានក្ដីបារម្ភរួមគ្នា អំពីការគំរាមកំហែងកាន់តែខ្លាំងឡើងៗពីរុស្ស៊ី។ មិនឃើញមានសញ្ញានៃការបំប្លែងផលិតកម្មរបស់រុស្ស៊ីទៅជាគោលបំណងស៊ីវិលនោះឡើយ សូម្បីតែក្នុងករណីមានបទឈប់បាញ់»។
ជាមួយគ្នានេះ លោក Crosetto ក៏បានលើកឡើងផងដែរថា ការគាំទ្រក្នុងស្រុករបស់រុស្ស៊ី សម្រាប់សង្គ្រាម នៅអ៊ុយក្រែន ដែលបានចាប់ផ្តើមឡើងនៅឆ្នាំ២០២២ ជាក់ស្តែងគឺនៅដដែល។
លើសពីនេះទៀត ដោយមិនបាននិយាយថា តើតួលេខនោះបានមកពីណា លោកបានបញ្ជាក់ថា រុស្ស៊ីបានបាត់បង់ទាហានជាង ១លាននាក់ ក្នុងនោះចំនួន ២០០.០០០នាក់ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២៥ នេះ៕