បាល់ទាត់៖ ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្ដត្បូងឃ្មុំបានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ ឬវគ្គ ១/៨ ផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ ហើយ បន្ទាប់ពីបន្ដយកឈ្នះក្រុមអធិរាជដំរីឦសានខេត្តរតនគិរី ដោយលទ្ធផល ៧-១ ក្នុងជើងទី២ នៅទីលានបុរីកម្មករ៤ កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ។

ជំនួបក្រៅដីនេះ ត្បូងឃ្មុំធ្វើបានកាន់តែល្អបើធៀបកាលពីជើងទី១ ដែលពួកគេបានយកឈ្នះរតនគិរីត្រឹម ៤-១ ប៉ុណ្ណោះ។ សម្រាប់ ៧គ្រាប់ នៃជ័យជម្នះក្នុងជើងទី២ របស់ខេត្តត្បូងឃ្មុំគឺធ្វើសម្រេចដោយកីឡាករ ទិត រំសាក់ ៤គ្រាប់ម្នាក់ឯងនៅនាទីទី៣, នាទី២៧, នាទី៥១ និងនាទី៦៧ ខណៈ ៣គ្រាប់ទៀតរកបានដោយកីឡាករ កើ ហ្វីន ២គ្រាប់ នៅនាទី២៦ និងនាទី៥៣ និងកីឡាករ ស្លេះ ទ័ររ៉ម៉ាន នៅនាទី៩០+៤ ។

ជ័យជម្នះនេះបានធ្វើឲ្យអតីតក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្តឆ្នាំ២០១៩ ខេត្តត្បូងឃ្មុំធានាកៅអីវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះគូប្រកួត ៣ប្រកួតផ្ទួនៗ និងរកបាន ៩ពិន្ទុពេញដើម្បីឈរកំពូលតារាងពូល F ខណៈនៅសល់ ១ប្រកួតក្នុងដៃដោយត្រូវជួបខេត្តព្រះវិហារ ស្របពេលក្រុមអធិរាជដំរីឦសានខេត្តរតនគិរី បន្ដឈរលេខរៀងទី២ និងមាន ៣ពិន្ទុបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ១ និងចាញ់២៕
អត្ថបទ៖ លី ឈុនឡា