អភិបាលតំបន់ នៅចុងភាគខាងកើតនៃប្រទេសរុស្ស៊ី លោក Oleg Kozhemyako នាថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) នេះ បានប្រាប់ថា លោកឧត្តមសេនីយ៍ទោ Mikhail Gudkov ដែលជាប្រមុខរងនៃកងទ័ពជើងទឹករុស្ស៊ី និងដែលបានដឹកនាំកងពលតូចប្រយុទ្ធនឹងអ៊ុយក្រែនផងដែរនោះ ត្រូវបានសម្លាប់នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។
បណ្តាញ Telegram យោធារុស្ស៊ី និងអ៊ុយក្រែនមិនផ្លូវការ បានរាយការណ៍ថា លោក Gudkov ត្រូវបានសម្លាប់រួមជាមួយទាហាន ១០នាក់ផ្សេងទៀត អំឡុងការវាយប្រហាររបស់អ៊ុយក្រែន លើប៉ុស្តិ៍បញ្ជាមួយកន្លែង នៅទីក្រុង Korenevo ក្នុងតំបន់ Kursk ដែលមានព្រំដែនជាប់អ៊ុយក្រែន។
លោកគឺជាមន្ត្រីយោធាជាន់ខ្ពស់បំផុតរបស់រុស្ស៊ីម្នាក់ ដែលត្រូវបានសម្លាប់ដោយអ៊ុយក្រែន គិតចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមសង្រ្គាមទ្រង់ទ្រាយធំ នៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
លោកអភិបាល Kozhemyako ដែលបានប្រាប់ថា លោកបាននិយាយជាមួយលោក Gudkov ច្រើនឆ្នាំមកហើយនោះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Gudkov ត្រូវបានសម្លាប់ «ពេលបំពេញកាតព្វកិច្ចរបស់លោកជាមន្រ្តី» រួមជាមួយអ្នកផ្សេងទៀត ហើយបានសម្តែងការចូលរួមរំលែកទុក្ខរបស់លោក ជាមួយសាច់ញាតិរបស់អ្នកដែលបានស្លាប់។
ពាក់ព័ន្ធនឹងការលើកឡើងនេះ មិនមានការអត្ថាធិប្បាយភ្លាមៗណាមួយឡើយ ពីក្រសួងការពារជាតិរុស្ស៊ី ឬពីអ៊ុយក្រែន៕