នៅថ្ងៃព្រហស្បតិ៍នេះ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានអំពាវនាវឲ្យសហភាបអឺរ៉ុប ឈានដល់កិច្ចព្រមព្រៀងភ្លាមៗ និងសាមញ្ញលើបញ្ហាពន្ធជាមួយសហរដ្ឋអាមេរិក ស្របពេលដែលឱសានវាទសម្រាប់កិច្ចចរចាខិតជិតមកដល់ ត្រឹមរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។
សហភាពអឺរ៉ុបប្រឈមនឹងឱសានវាទនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ខាងមុខនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បើពុំដូច្នោះទេនឹងប្រឈមនឹងការទារពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញភាគច្រើនរបស់ពួកគេ ។
លោក Merz និយាយផងដែរថា កិច្ចពិភាក្សាបច្ចុប្បន្នមិនត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មយ៉ាងលម្អិតប៉ុណ្ណោះទេ តែជាដំណោះស្រាយភ្លាមៗនៃជម្លោះពន្ធ ហើយកិច្ចព្រមព្រៀងឆាប់រហ័សត្រូវការជាចាំបាច់ ។
សហភាពអឺរ៉ុប បានបញ្ជាក់ថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកពន្ធសកល ១០ភាគរយលើការនាំចេញជាច្រើន ហើយនិងគាំទ្រអត្រាទាបជាងនេះ ឬលើកលែងតែម្តងសម្រាប់វិស័យអាទិភាពដូចជាឱសថ គ្រឿងអេឡិចត្រូនិក គ្រឿងស្រវឹង និងយន្តហោះពាណិជ្ជកម្ម ៕