ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ជំនួបតាមទូរស័ព្ទនៅមុននេះជាមួយលោក Vladimir Putin ពុំមានវឌ្ឍនភាពឬការរីកចម្រើនទាល់តែសោះ លើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈជំនួយការរបស់វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីបានរំលឹកឡើងវិញថា ទីក្រុងមូស្គូនឹងបន្តជំរុញការដោះស្រាយ មូលហេតុឫសគល់នៃជម្លោះ។វិមានក្រឹមឡាំបន្ថែមថាលោក Putin បានប្រាប់លោក Trumpថា រុស្ស៊ីនឹងមិនបោះបង់គោលបំណងក្នុងប្រទេសអ៊ុយក្រែនទេ ។

មេដឹកនាំទាំងពីរពុំបានពិភាក្សាអំពីការផ្អាកនាពេលថ្មីៗនេះចំពោះការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិកមួយចំនួនទៅកាន់ទីក្រុង Kyivទេ អំឡុងការសន្ទនារយៈពេលជិតមួយម៉ោង នេះបើយោងតាមការអំណានដែលផ្តល់ដោយជំនួយការលោក Putin គឺ លោក Yuri Ushakov ។
ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនតាមរយៈការទូតបានជាប់គាំងភាគច្រើន ហើយលោក Trump បានប្រឈមនឹងការអំពាវនាវកាន់តែខ្លាំង រួមទាំងពីគណបក្សសាធារណរដ្ឋមួយចំនួនផងដែរ ដើម្បីបង្កើនសម្ពាធលើលោក Putin ឱ្យចរចាដោយស្មោះត្រង់។
ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយជំនួបតាមទូរស័ព្ទនេះ ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីបានបង្កឱ្យមានអគ្គិភ័យនៅអគារផ្ទះល្វែងមួយជាយភាគខាងជើងនៃរដ្ឋធានី គីវ ដែលបង្ហាញពីការផ្លាស់ប្តូរតិចតួចនៅក្នុងគន្លងនៃជម្លោះនេះ។
នៅទីក្រុង Kyiv អ្នកសារព័ត៌មាន Reuters បានរាយការណ៍ពីការផ្ទុះ និងបន្តការបាញ់កាំភ្លើងយន្តធុនធ្ងន់ ខណៈអង្គភាពការពារដែនអាកាសបានព្យាយាមទប់ទល់យានដ្រូនជាច្រើននៅទូទាំងរដ្ឋធានី ស្របពេលការបាញ់ផ្លោងរបស់រុស្ស៊ីបានសម្លាប់មនុស្សប្រាំនាក់នៅភាគខាងកើតប្រទេសនេះ៕

