យោងតាមរបាយការណ៍ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអនឡាញ Axios របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០៣ កក្កដា) បានឱ្យដឹងថា ប្រេសិតសេតវិមាន លោក Steve Witkoff គ្រោងនឹងជួបដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុងអូស្លូ ប្រទេសន័រវែស នៅសប្តាហ៍ក្រោយនេះ ដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ។

របាយការណ៍និយាយថា ប្រទេសទាំងពីរមិនបញ្ជាក់ជាសាធារណៈពីកិច្ចប្រជុំនេះទេ ហើយកាលបរិច្ឆេទចុងក្រោយនៃកិច្ចចរចាដោយផ្ទាល់ថ្មីក៏មិនត្រូវកំណត់នោះដែរ។ មន្ត្រីសេតវិមានមួយរូបបានប្រាប់សារព័ត៌មាន Axios ថា "សេតវិមានពុំមានសេចក្តីប្រកាសអំពីការធ្វើដំណើរអ្វីទេនៅពេលនេះ"។
ប្រសិនបើជំនួបនោះកើតឡើងមែន នេះនឹងក្លាយជាកិច្ចចរចាដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីអ៊ីស្រាអែល និងអាមេរិក បើកការវាយប្រហារប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនា។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News នៅទីក្រុងតេអេរ៉ង់ ចេញផ្សាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក Araghchi និយាយថា អ៊ីរ៉ង់នៅតែត្រូវការពេលវេលាបន្ថែមទៀតដើម្បីសម្រេចចិត្តលើការបន្តចរចាជាមួយសហរដ្ឋអាមេរិក។
គួរឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចានុយក្លេអ៊ែរជាបន្តបន្ទាប់អស់ ៥លើកមកហើយ ហើយជុំទី៦ នៃកិច្ចចរចានុយក្លេអ៊ែរ ដឹកនាំដោយលោក Witkoff និងលោក Araghchi ដែលកំណត់ពេលធ្វើនៅប្រទេសអូម៉ង់ ក្នុងថ្ងៃទី១៥ ខែមិថុនា កន្លងទៅ ត្រូវលុបចោល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ដាក់គោលដៅលើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅថ្ងៃទី ១៣ ខែមិថុនា៕

