ភ្នំពេញ៖ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ខណ្ឌ៧មករា ក្នុងចំណោមទីតាំងចាក់វ៉ាក់សាំង ចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ។
លោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា ថ្ងៃនេះមនី្ទរពេទ្យបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ និងបន្តចាក់វ៉ាក់សាំងដល់អ្នកសេសសល់មិនទាន់បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសទី១ និងដូសទី២។
ទន្ទឹមនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣នេះ ពិតជាសំខាន់ណាស់សម្រាប់កុមារ និងយុវវ័យ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ដែលនៅបន្តបំប្លែងថ្មី។ ព្រោះថាកុមារ យុវវ័យ បានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ រួចហើយ ក៏ត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដែលបានកំណត់មក។
ជាមួយគ្នានោះដែរ កុមារ យុវវ័យ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានបង្ហាញកី្តរំភើបសប្បាយរីករាយ ដែលពួកគាត់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ជាចុងក្រោយក្នុងនាមលោកវេជ្ជបណ្ឌិត តំណាងឲ្យលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញមកទទួលសេវានៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ដោយយើងមានរៀបចំចាត់ចែងកម្លាំងក្រុមការងារគ្រូពេទ្យចំនួន០៨ក្រុម ដោយក្នុងមួយថ្ងៃមាន២ក្រុម មួយក្រុមៗមានលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ចំនួន១៦នាក់ ដើម្បីផ្តល់សេវាចាក់វ៉ាក់សាំងជូន។
ក្រៅពីនោះថ្នាក់ដឹកនាំមនី្ទរពេទ្យ បានខិតខំពុះពារធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើងពីមួយថ្ងៃ ទៅមួយ ដើម្បីបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឲ្យស័ក្តិសមទៅតាមបណ្តាប្រទេសជឿនលឿន។ បច្ចុប្បន្នមនី្ទរពេទ្យ មានអគារធំៗចំនួន០៥ ដោយចែកចេញជាអគារA-B-C-D និងE ក្នុងមួយអគារៗ មានកម្ពស់៤ជាន់ ដោយមានផ្ទុកគ្រប់ផ្នែក នៅតាមអគារនីមួយៗ ហើយមន្រី្តសុខាភិបាលក្នុងមនី្ទរពេទ្យមានចំនួន២៤៣នាក់ផងដែរ៕ អត្ថបទ រដ្ឋា