ប្រមុខបញ្ជាការជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ កក្កដា) ថា ការស្លាប់របស់អាកាសយានិកយន្តហោះចម្បាំង F-16 ដែលមានបទពិសោធន៍ របស់អ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយយានដ្រូនរបស់រុស្ស៊ី បង្ហាញថា យុទ្ធសាស្ត្រដែនអាកាសរបស់ទីក្រុងគីវ នឹងមានហានិភ័យខ្ពស់កាន់តែខ្លាំងឡើង ប្រសិនបើខ្លួនមិនអាចទទួលបានប្រព័ន្ធការពារដែនអាកាសថ្មីៗដ៏សំខាន់ទេនោះ។

មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់រុស្ស៊ី កាន់តែកម្រោលលើក្រុងនានារបស់អ៊ុយក្រែននៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងសកម្មភាពមួយដែលក្រុមមន្រ្តីព្រមានថានឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ មិនបង្កើនការផ្គត់ផ្គង់អាវុធធុនធ្ងន់។
លោក Oleh Zakharchuk មេបញ្ជាការរងនៃទីបញ្ជាការដែនអាកាសភាគខាងលិចរបស់អ៊ុយក្រែន បានធ្វើការព្រមាននេះក្នុងពិធីបុណ្យសពអាកាសយានិក Maksym Ustymenko នៅទីក្រុងគីវ ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមន្ទីរបញ្ចកោណនិយាយថា ខ្លួនកំពុងផ្អាកការផ្គត់ផ្គង់អាវុធមួយចំនួន ដែលអ៊ុយក្រែន ត្រូវការចាំបាច់ដើម្បីការពារទីក្រុងរបស់ខ្លួន។
គួររម្លឹកថា អាកាសយានិក Ustymenko ត្រូវបានសម្លាប់នៅថ្ងៃទី២៩ ខែមិថុនា បន្ទាប់ពីបាញ់ទម្លាក់យានដ្រូន Shahed របស់រុស្ស៊ី ចំនួន ៧គ្រឿង ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសដ៏ធំសម្បើមមួយ ដែលរួមមានយានដ្រូន និងមីស៊ីលរាប់រយគ្រឿង៕

