យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានរិះគន់យ៉ាងខឹងសម្បារលើក្រុមមេដឹកនាំចតុភាគីប្រទេស ឬហៅថាក្រុម ក្វាដ (Quad) នៃសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ក្នុងថ្ងៃសុក្រ (០៤ កក្កដា) នេះ សម្រាប់ការទទូចឱ្យកូរ៉េខាងជើង លុបបំបាត់នុយក្លេអ៊ែរ។

ក្រសួងការបរទេសទីក្រុងព្យុងយ៉ាងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "កូរ៉េខាងជើងនឹងមិនអត់ឱនចំពោះការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក និងកងកម្លាំងមហាអំណាចរបស់ខ្លួន ក្នុងការផ្លាស់ប្តូរជាឯកតោភាគីនូវជំហររបស់កូរ៉េខាងជើង និងស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េឡើយ"។
KCNA ក៏បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដោយនិយាយថា សហរដ្ឋអាមេរិកបានប្រឌិតរឿង "ការគំរាមកំហែងតាមអ៊ីនធឺណិត" ពីកូរ៉េខាងជើង។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសកាលពីខែមុននូវការចាប់ខ្លួន និងការចោទប្រកាន់ដែលផ្តោតលើកម្មវិធី "បុគ្គលិកផ្នែកព័ត៌មានវិទ្យា" របស់កូរ៉េខាងជើង ដោយក្នុងនោះ ជនជាតិកូរ៉េខាងជើងទទួលបានមុខតំណែងទាក់ទងនឹងព័ត៌មានវិទ្យាធ្វើការពីចម្ងាយនៅក្រុមហ៊ុនអាមេរិក ហើយបានប្រើសិទ្ធិចូលប្រើប្រាស់នោះ ដើម្បីលួចប្រាក់ និងព័ត៌មានពីក្រុមហ៊ុនជាច្រើនជុំវិញពិភពលោក៕

