សភារបស់ប្រទេសបូលីវី បានជួបប្រទះការប៉ះទង្គិចដ៏ចលាចល កាលពីថ្ងៃព្រហស្បតិ៍ (០៣ កក្កដា) ដោយសមាជិកសភាពបានជះទឹក និងគប់សំរាមដាក់លើរដ្ឋមន្ត្រីក្រសួងថាមពល នៅក្នុងអំឡុងការជជែកដេញដោលសភា លើកិច្ចសន្យាលីសារធាតុចូមដ៏ចម្រូងចម្រាសជាមួយក្រុមហ៊ុនចិន និងរុស្ស៊ី ដែលអាចនាំមកនូវការវិនិយោគតម្លៃប្រហែល ២ពាន់លានដុល្លារ។

នេះគឺជាការផ្ទុះឡើងចុងក្រោយបំផុតនៃភាពតានតឹងដែលចេះតែកើនមិនឈប់ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបូលីវី ក្នុងការអូសទាញការវិនិយោគបរទេសយ៉ាងឆាប់រហ័សលើសារធាតុលីចូមដ៏មានតម្លៃរបស់ខ្លួន ដែលស្ថិតក្នុងចំណោមរ៉ែកម្រធំបំផុតក្នុងពិភពលោក។
សមាជិកសភាបក្សប្រឆាំង និងអ្នកផ្សេងទៀត បានរំខានសម័យប្រជុំសភាជាន់ទាប ដែលផ្តោតលើរដ្ឋមន្ត្រីថាមពល លោក Alejandro Gallardo ខណៈលោកព្យាយាមការពារកិច្ចសន្យាដែលមិនទាន់សម្រេច។ សមាជិកសភាពដែលប្រឆាំងនឹងកិច្ចសន្យានោះនិយាយថា រដ្ឋាភិបាលកំពុងព្យាយាមបោកប្រាស់ពួកគេ ហើយទាមទារថា ប្រាក់ចំណេញសម្រាប់បូលីវី គឺត្រូវតែមានការធានានៅមុនពេលលក់លីចូម។
សម័យប្រជុំកាលពីថ្ងៃព្រហស្បតិ៍នោះបានក្លាយទៅជាការប៉ះទង្គិចគ្នា ដោយសមាជិកសភាបានរុញច្រាន ស្រែក និងគប់ក្រដាសដាក់ថ្នាក់ដឹកនាំសភា។ រូបភាពវីដេអូបានបង្ហាញពីសមាជិកសភាបក្សប្រឆាំងម្នាក់ ឈ្មោះ Maria Salazar វាយតប់គ្នាជាមួយសមាជិកម្នាក់ទៀត ខណៈក្រោយមក សមាជិកសភាម្នាក់បានហែកឆ័ត្រពីលើមេដឹកនាំសភា រួចព្យាយាមវាយបំបែករបាំងការពារ៕

