យោងតាមទីភ្នាក់ងារអាកាសធាតុរបស់ទីក្រុងតូក្យូ បានឱ្យដឹងថា ការរញ្ជួយដីជាង ៩០០លើក បានអង្រួនបណ្ដាញច្រវាក់កោះដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសជប៉ុន ក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ចុងក្រោយនេះ ដែលធ្វើឱ្យអ្នកស្រុកមិនអាចសម្រាន្តលក់ដោយស្ងប់ចិត្ត និងមានភាពភ័យខ្លាចចំពោះអ្វីដែលអាចនឹងកើតឡើងបន្ទាប់ទៀត។

ទោះបីជាមិនមានរបាយការណ៍ការខូចខាតធំដុំក៏ដោយ ក៏ទីភ្នាក់ងារឧតុនិយមជប៉ុនបានទទួលស្គាល់ថា ខ្លួនមិនដឹងឡើយថានៅពេលណាដែលការរញ្ជួយដីនឹងបញ្ចប់។ លោក Ayataka Ebita នាយកផ្នែកអង្កេតការរញ្ជួយដី និងរលកយក្សស៊ូណាមិ របស់ទីភ្នាក់ងារនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយកាលពីថ្ងៃពុធ (០២ កក្កដា) ថា "រញ្ជួយដីមានសកម្មភាពយ៉ាងខ្លាំងនៅក្នុងសមុទ្រ ជុំវិញប្រជុំកោះ Tokara ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា មក"។
លោកបានប្រាប់អ្នកយកព័ត៌មានថា “គិតត្រឹមម៉ោង ៤រសៀលថ្ងៃពុធសប្ដាហ៍នេះ ចំនួនរញ្ជួយបានឡើងលើសពី ៩០០ដងហើយ ក្នុងកម្រិតរ៉ិចទ័រផ្សេងៗគ្នាតូចៗ” ដោយបន្ថែមថា អ្នកស្រុកគួរតែរៀបចំកន្លែងជ្រកកោន ឬជម្លៀសខ្លួនចេញ ដោយសារមានលទ្ធភាពខ្ពស់ដែលតំបន់នេះអាចរងការវាយប្រហារដោយការរញ្ជួយដីខ្លាំងជាងនេះ។
ភូមិនៅកោះ Tokara បាននិយាយលើគេហទំព័ររបស់ខ្លួនថា អ្នកស្រុកមានការនឿយហត់ណាស់ ដោយសារពួកគេសម្រាន្តមិនលក់។ ក្រុមអ្នកជំនាញនិយាយថា សណ្ឋានដីមិនធម្មតានៃតំបន់ជុំវិញប្រជុំកោះ Tokara ធ្វើឱ្យកោះទាំងនោះកាន់តែងាយមានសម្ពាធប្រមូលផ្ដុំនៅក្រោមបាតសមុទ្រ ដែលបន្ទាប់មកត្រូវបានបន្ធូរឡើងលើក្នុងទម្រង់ជាការរញ្ជួយដី៕

