អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃសុក្រ (០៤ កក្កដា) នេះ បានបង្កើនប្រតិបត្តិការស្វែងរកមនុស្ស ៣០នាក់ ដែលនៅតែបាត់ខ្លួន បន្ទាប់ពីសាឡាងមួយគ្រឿងបានលិចនៅជិតកោះទេសចរណ៍ បាលី ខណៈមនុស្ស ៦នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ ហើយ ២៩នាក់ រួចជីវិត។

សាឡាងឈ្មោះ KMP Tunu Pratama Jaya ដែលដឹកមនុស្សសរុបប្រមាណ ៦៥នាក់ បានលិចជិតកន្លះម៉ោងក្រោយចាកចេញពីកំពង់ផែ Ketapang ក្នុងកោះជ្វាខាងកើត កាលពីល្ងាចថ្ងៃពុធ សម្រាប់ការធ្វើដំណើរប្រហែល ៥គីឡូម៉ែត្រ ទៅកាន់កំពង់ផែ Gilimanuk របស់កោះបាលី។
លោក Ribut Eko Suyatno អនុប្រធានប្រតិបត្តិការនៅទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិ និយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវផ្អាកមួយរយៈខ្លីកាលល្ងាចថ្ងៃព្រហស្បតិ៍ ដោយសារបញ្ហាអ័ព្ទមើលមិនច្បាស់ ហើយបន្តឡើងវិញនៅព្រឹកថ្ងៃសុក្រនេះ ដោយមានអ្នកជួយសង្គ្រោះជាង ១៦០នាក់ រួមទាំងនគរបាល និងទាហាន។
ទីភ្នាក់ងារនេះបានចេញផ្សាយឈ្មោះអ្នករួចជីវិតទាំង ២៩នាក់ និងមនុស្ស ៦នាក់ដែលត្រូវបញ្ជាក់ថាបានស្លាប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយមិនបញ្ចេញឈ្មោះអ្នកបាត់ខ្លួនទេ ប៉ុន្តែបើតាមឯកសារកត់ឈ្មោះអ្នកដំណើរបានឱ្យដឹងថា មានអ្នកបាត់ខ្លួន ៣០នាក់។
អាជ្ញាធរឥណ្ឌូណេស៊ីកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ អ្នករួចជីវិតបានប្រាប់ក្រុមជួយសង្គ្រោះថា មានការលេចធ្លាយនៅក្នុងបន្ទប់ម៉ាស៊ីននៃសាឡាង ដែលផ្ទុកយានជំនិះចំនួន ២២គ្រឿង រួមទាំងរថយន្តដឹកទំនិញចំនួន ១៤គ្រឿងផងដែរ៕


