ក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់ កំពុងប្រយុទ្ធនឹងអណ្តាតភ្លើងនៅជិតទីក្រុងអាតែន និងនៅលើកោះក្រេត (Crete) របស់ប្រទេសក្រិក ជាទីដែលមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីរមណីយដ្ឋានវិស្សមកាលដ៏ស្រស់ស្អាត ខណៈដែលចំហេះព្រៃនៅប្រទេសជិតខាងទួរគី បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២នាក់។

អាជ្ញាធរ និងមន្ត្រីសមាគមសណ្ឋាគារបាននិយាយថា ភ្ញៀវទេសចរ បុគ្គលិកសណ្ឋាគារ និងអ្នកស្រុកសរុបជាង ៥.០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ Ierapetra តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃកោះក្រេត។ មនុស្សមួយចំនួនតូចបានរត់ចូលទៅក្នុងសមុទ្រ ហើយត្រូវជួយសង្គ្រោះមកវិញដោយអ្នកនេសាទក្នុងស្រុក និងអ្នកមុជទឹក។
ដោយឡែក ចំហេះព្រៃនៅជិតកំពង់ផែ Rafina ចម្ងាយប្រហែល ៣០គីឡូម៉ែត្រភាគខាងកើតទីក្រុងអាតែន បានរំខានដល់សេវាកម្មសាឡាងក្នុងតំបន់ទៅកាន់កោះនេះ។
នៅភាគខាងលិចប្រទេសទួរគីវិញ អាជ្ញាធរនិយាយថា មនុស្សយ៉ាងតិច ២នាក់បានស្លាប់ទាក់ទងនឹងអណ្ដាតភ្លើងដ៏រីករាលដាល ដោយនេះជាអ្នកស្លាប់ដំបូងហើយក្នុងចំហេះព្រៃជាបន្តបន្ទាប់ ដែលបង្ខំមនុស្សរាប់ពាន់នាក់ឱ្យភៀសខ្លួន។ ក្នុងមួយសប្តាហ៍មកនេះ ទួរគីបានតតាំងនឹងចំហេះព្រៃរាប់រយកន្លែង ដែលបណ្តាលមកពីខ្យល់កន្រ្តាក់ កម្ដៅខ្លាំង និងសំណើមទាប។ ឥឡូវនេះ ចំហេះភាគច្រើនស្ថិតក្រោមការគ្រប់គ្រងបាន ហើយអណ្ដាតភ្លើងបានបង្កការខូខាត ឬបំផ្លាញផ្ទះប្រមាណ ២០០ខ្នង៕

