ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានកើនឡើងលើសពីការរំពឹងទុកនៅក្នុងខែឧសភា ដោយបានធ្លាក់ចុះទាំងការនាំចូលនិងនាំចេញ ខណៈការដំឡើងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឲ្យមានការរង្គោះរង្គើពេញទូទាំងដំណើរការសេដ្ឋកិច្ច និងបានធ្វើឲ្យរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ទិន្នន័យពាណិជ្ជកម្មដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា បានបង្ហាញថាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក បានកត់ត្រាគម្លាតពាណិជ្ជកម្មសរុបចំនួន៧១,៥ពាន់លានដុល្លារ នៅក្នុង១ខែបន្ទាប់ពីលោក Trump បានដាក់ពន្ធ១០ភាគរយលើដៃគូពាណិជ្ជកម្មភាគច្រើន។ យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នេះជាការពង្រីកឱនភាពចំនួន៦០,៣ពាន់លានដុល្លារក្នុងខែមេសា។ ទោះជាយ៉ាងណា តួលេខនេះបានកើតឡើងខណៈការនាំចូល និងការនាំចេញ បានធ្លាក់ចុះក្នុងខែឧសភា។

ការនាំចូលទំនិញប្រើប្រាស់បានធ្លាក់ចុះចំនួន៤,០ពាន់លានដុល្លារអាមេរិក ដោយសម្លៀកបំពាក់ និងប្រដាប់ប្រដាក្មេងលេងបានធ្លាក់ចុះ ទោះបីជាការនាំចូលរថយន្តនិងគ្រឿងបន្លាស់បានកើនឡើងក៏ដោយ។
ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកត្រូវបានធ្វើឲ្យរង្គោះរង្គើដោយការប្រកាសពន្ធដ៏ច្រើនរបស់លោក Trump ចាប់តាំងពីដើមឆ្នាំនេះ ខណៈក្រុមហ៊ុននានាបានស្តុកទុកនៅមុនការយកពន្ធដែលត្រូវបានគេរំពឹងទុក និងបានផ្អាកការដឹកជញ្ជូន ដើម្បីរង់ចាំពន្ធខ្ពស់ ធ្លាក់ចុះមកវិញ។