ក្រសួងផ្លូវថ្នល់និងអភិវឌ្ឍន៍ទីក្រុងបានប្រកាសថា ប្រទេសអ៊ីរ៉ង់ បានបើកដែនអាកាសរបស់ខ្លួនឡើងវិញសម្រាប់ជើងហោះហើរក្នុងស្រុក អន្តរជាតិ និងជើងហោះហើរឆ្លងកាត់។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រថា ការសម្រេចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការអនុម័តពីអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ ព្រមទាំងការវាយតម្លៃសុវត្ថិភាព និងសន្តិសុខយ៉ាងច្បាស់លាស់ ដោយមើលទៅលើស្ថានភាពបច្ចុប្បន្នរបស់ប្រទេស។

ក្រសួងបាននិយាយបន្ថែមថា ជើងហោះហើរត្រូវបានបន្តទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិ Mehrabad និងអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini ក្នុងរដ្ឋធានីតេអេរ៉ង់ ព្រមទាំងអាកាសយានដ្ឋាននៅភាគខាងជើង ភាគខាងកើត ភាគខាងលិច និងភាគខាងត្បូងប្រទេស លើកលែងតែអាកាសយានដ្ឋាននៅទីក្រុង Isfahan និងទីក្រុងTabriz។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា អាកាសយានដ្ឋានក្នុងទីក្រុងតេអេរ៉ង់ ព្រមទាំងភាគខាងជើង ខាងលិច និងភាគខាងត្បូង ពេលនេះកំពុងដំណើរការជើងហោះហើរក្នុងស្រុក និងអន្តរជាតិចាប់ពីម៉ោង ៥:0០ ព្រឹកដល់ម៉ោង ១៨:០០នាទី ម៉ោងក្នុងស្រុក។
ក្រសួងបានផ្តល់ការធានាថា អាកាសយានដ្ឋាននៅទីក្រុង Isfahan និងទីក្រុង Tabriz នឹងបន្តប្រតិបត្តិការឆាប់ៗនេះបន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធត្រូវបានរៀបចំ។ អ៊ីរ៉ង់ បានបិទដែនអាកាសរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងតេអេរ៉ង់ និងតំបន់ផ្សេងៗទៀត។ ក្រោយជម្លោះរយៈពេល ១២ ថ្ងៃ ប្រទេសទាំងពីរសម្រេចបានបទឈប់បាញ់ នៅថ្ងៃទី ២៤ ខែមិថុនា។