នាយករដ្ឋមន្រ្តីស្តីទីរបស់ប្រទេសថៃ លោក Phumtham Wechayachai បានបញ្ជាក់ថា លោកមានសិទ្ធិអំណាចក្រោមរដ្ឋធម្មនុញ្ញ រួមទាំងអំណាចរំលាយសភាផងដែរ។ ទោះយ៉ាងណានេះក្ដី លោកបានបន្ថែមថា មិនទាន់មានកិច្ចពិភាក្សាជាក់លាក់លើបញ្ហានេះនៅឡើយទេ។

លោក Chousak Sirinil រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្ត្រីបានលើកឡើងថា គណបក្សភឿថៃ បានចូលរួម ៩០% នៃកិច្ចប្រជុំនានា ប៉ុន្តែបញ្ហាអាចកើតឡើងពីគណបក្សនៅក្រុមចម្រុះ បន្ទាប់ពីមានការរំខានណាមួយក្នុងសភា។ លោក Phumtham ឆ្លើយតបថា នេះជារឿងធម្មតាទេសម្រាប់ភាគីនីមួយៗក្នុងការដោះស្រាយបញ្ហាបែបនេះ ហើយអាស្រ័យលើមេដឹកនាំក្រុមចម្រុះក្នុងការដោះស្រាយ។
លោក Phumtham បន្តថា មនុស្សគ្រប់រូបត្រូវតែបំពេញនូវការទទួលខុសត្រូវរបស់ខ្លួន ដោយបន្ថែមថា លោកនឹងអំពាវនាវឱ្យមានការពិភាក្សាដើម្បីដោះស្រាយបញ្ហា និងបន្តធ្វើដូច្នេះ។ នាយករដ្ឋមន្រ្តីចាំផ្ទះរូបនេះសង្កត់ធ្ងន់ថា បញ្ហាដែលទាក់ទងនឹងសភាតំណាងរាស្រ្ត កំពុងស្ថិតនៅក្នុងដៃរដ្ឋាភិបាល ដោយការពិភាក្សានានាបានកើតឡើងរួចហើយ ហើយកិច្ចប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទាំងនេះនឹងបន្ត។
ចំពោះការអត្ថាធិប្បាយរបស់អតីតឧបនាយករដ្ឋមន្ត្រី លោក Wissanu Krea-ngam ទាក់ទងនឹងអំណាចរបស់នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham បានបញ្ជាក់ថា "ក្រុមរបស់លោកមិនទាន់មានការពិភាក្សាច្បាស់លាស់នៅឡើយទេ ប៉ុន្តែរូបលោកអាចប្រើសិទ្ធិអំណាចទាំងអស់ដែលផ្តល់ដោយរដ្ឋធម្មនុញ្ញ។ ទោះយ៉ាងនេះក្ដី ពុំមានហេតុផលសម្រាប់សកម្មភាពបែបនេះទេនៅពេលនេះ”៕

