អាមេរិក៖ អ្នកជំនាញខាងជំងឺឆ្លងជាន់ខ្ពស់របស់សហរដ្ឋអាមេរិកលោក Anthony Fauci បាននិយាយថា វានៅតែមានគ្រោះថ្នាក់នៃការកើនឡើងចំនួនអ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែករណីឆ្លងវីរុសកូរ៉ូណាដ៏ច្រើន ទោះបីជាទិន្នន័យដំបូងបង្ហាញថា វីរុស COVID-19 បម្លែងខ្លួនថ្មី Omicron មិនសូវធ្ងន់ធ្ងរក៏ដោយ។

លោក Fauci បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យជាមួយ CNN ថា ការលំបាកតែមួយគត់គឺថា ប្រសិនបើអ្នកមានករណីឆ្លងច្រើន ទោះបីជាអត្រានៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារការឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron ទាបជាងវីរុសបម្លែងខ្លួនថ្មី Delta ក៏ដោយក៏នៅតែមានគ្រោះថ្នាក់ ដែលនឹងមានការកើនឡើងចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលអាចដាក់បន្ទុកធ្ងន់លើប្រព័ន្ធថែទាំសុខភាព។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) វីរុសបម្លែងខ្លួនថ្មី Omicron ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៥៨.៦% នៃវីរុសកូរ៉ូណាបម្លែងខ្លួនថ្មីនានា ដែលកំពុងចរាចរនៅក្នុងសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី២៥ ខែធ្នូ។
ការមកដល់ភ្លាមៗនៃវត្តមានរបស់វីរុសបម្លែងខ្លួនថ្មី Omicron បាននាំឲ្យមានការបង្កើតកំណត់ត្រាករណីឆ្លងក្នុងប្រទេសនានាជុំវិញពិភពលោក និងបង្ខំឲ្យកាត់បន្ថយ និងលុបចោលសកម្មភាពពិធីបុណ្យចូលឆ្នាំថ្មីនៅជុំវិញពិភពលោក។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាយ៉ាងហោចណាស់ ៣៤៦,៨៦៩នាក់កាលពីថ្ងៃសៅរ៍ នេះបើយោងតាមសារព័ត៌មាន Reuters។ យោងតាមសារព័ត៌មាន Worldometer គិតត្រឹមព្រឹកថ្ងៃចន្ទនេះ សហរដ្ឋអាមេរិកមានករណីឆ្លងវីរុស COVID-19 សរុបចំនួន ៥៦,១៤២,១៧៥នាក់ និងស្លាប់ ៨៤៧,៤០៨នាក់៕
អត្ថបទ៖ សុខមាន