វីដេអូដែលត្រូវបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់ប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រ ទី៤ ខែកក្កដានេះ បានបង្ហាញក្រុមអ្នកពន្លត់អគ្គិភ័យនៅទីក្រុងគីវ កំពុងទប់ស្កាត់ដើម្បីពន្លត់ភ្លើងបន្ទាប់ពីរុស្ស៊ីបានបង្ហោះយានដ្រូនក្នុងការវាយប្រហារពេញមួយយប់ ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៤នាក់រងរបួស នេះបើយោងតាមអាជ្ញាធរទីក្រុង។
នៅក្នុងការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អង្គភាពសេវាសង្គ្រោះបន្ទាន់បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានពន្លត់អគ្គិភ័យនៅលើដំបូលអគារច្រើនជាន់ និងយានដ្ឋានឯកជនចំនួន៧កន្លែង។ ការវាយប្រហារនៅថ្ងៃសុក្រនេះគឺជាការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ចុងក្រោយរបស់រុស្ស៊ីទៅលើទីក្រុងគីវ ដែលកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ពុំមានវឌ្ឍនភាពទាល់តែសោះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈវិមានក្រឹមឡាំង បានបញ្ជាក់ជាថ្មីថា ទីក្រុងមូស្គូនឹងបន្តជំរុញការដោះស្រាយ «មូលហេតុឫសគល់» នៃជម្លោះ។
ជាមួយគ្នានេះ ប្រជាជន បានស្វែងរកទីជ្រកកោនគេចពីគ្រាប់បែកនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែង ដែលត្រូវបានរញ្ជួយដោយការផ្ទុះដ៏ខ្លាំងនៅពេលដែលរុស្ស៊ីបានវាយប្រហារទីក្រុងគីវដោយការបាញ់ស្រោច និងបង្ហោះយានដ្រូន ខណៈអង្គភាពការពារដែនអាកាសព្យាយាមបាញ់ទម្លាក់យានដ្រូន។
