ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយដកស្រង់សម្តីយោធានិងអ្នកស្រុកថា ក្រុមជីហាដ បានសម្លាប់មនុស្ស២៨នាក់នៅក្នុងការវាយប្រហារ២លើកដាច់ដោយឡែកពីគ្នានៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា។
អ្នកស្រុកនិយាយថា ក្រុមសកម្មប្រយុទ្ធមកពីក្រុមជីហាដ Lakurawa បានវាយឆ្មក់ទៅលើភូមិមួយក្នុងរដ្ឋ Sokoto ភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្ស១៧នាក់។

អ្នកវាយប្រហារបានសម្រុកចូលភូមិដោយ«ការបាញ់ប្រហារមិនរើសមុខ» ជាអ្វីដែលអ្នកស្រុកជឿថាជាការសងសឹកចំពោះការសម្លាប់ក្រុមជីហាដបីនាក់ក្នុងការវាយឆ្មក់មិនទទួលបានជោគជ័យទៅលើសហគមន៍មួយកាលពីប៉ុន្មានថ្ងៃមុន។
លោក Olaniyi Osoba មកពីកងកម្លាំងទទួលភារកិច្ចរួមពហុជាតិសាសន៍ ជាក្រុមចម្រុះយោធាពហុជាតិសាសន៍ប្រយុទ្ធប្រឆាំងក្រុមជីហាដក្នុងតំបន់ បាននិយាយថា មនុស្ស១១នាក់ផ្សេងទៀត ត្រូវបានសម្លាប់ នៅពេលដែលក្រុមជីហាដ មកពីខេត្តនៅអាហ្រ្វិកខាងលិចជាក្រុមរដ្ឋអ៊ីស្លាម បានវាយប្រហារទីក្រុងព្រំដែន Malam Fatori និងបានបើកការបាញ់ប្រហារលើជំរំជនភៀសខ្លួនខាងក្នុងប្រទេស។
