អ្នកការទូតចូលនិវត្តន៍ជាង ១៣០នាក់ និងអតីតមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀត បានចេញលិខិតចំហមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយរិះគន់ផែនការកែទម្រង់របស់ក្រសួងការបរទេស ដែលអាចមើលឃើញបុគ្គលិករាប់ពាន់នាក់ ត្រូវបានបញ្ឈប់ពីការងារ។
ក្រុមមន្ត្រីបាននិយាយនៅក្នុងលិខិតថា៖«យើងថ្កោលទោសជាដាច់ខាតចំពោះការសម្រេចចិត្តដែលបានប្រកាសរបស់រដ្ឋមន្ត្រីការបរទេសលោក Marco Rubio ក្នុងការអនុវត្តការកាត់បន្ថយបុគ្គលិក និងការរៀបចំឡើងវិញ នៅក្រសួងការបរទេសសហរដ្ឋអាមេរិក»។

អ្នកហត្ថលេខា រួមមានអតីតឯកអគ្គរដ្ឋទូត និងមន្ត្រីជាន់ខ្ពស់រាប់សិបនាក់ រួមទាំងលោកស្រី Susan Rice ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ( Barack Obama) ដែលជាអ្នកប្រជាធិបតេយ្យ។
ពេលវេលានៃការកាត់បន្ថយបុគ្គលិកនេះ គឺមិនទាន់ច្បាស់នៅឡើយ ដោយតុលាការកំពូលរបស់សហរដ្ឋអាមេរិក រំពឹងថា នឹងថ្លឹងថ្លែងនៅពេលណាមួយទៅលើកិច្ចប្រឹងប្រែងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ដើម្បីបញ្ឈប់ដីកាតុលាការ ដែលរារាំងផែនការកាត់បន្ថយបុគ្គលិករបស់ក្រសួងការបរទេស។
