រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសកូរ៉េខាងត្បូង លោក Yeo Han-koo បាននិយាយនៅថ្ងៃសុក្រ ទី៤ ខែកក្កដានេះ ថា លោកអាចនឹងស្នើសុំការពន្យារពេលដើម្បីផ្អាកការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលត្រូវបានកំណត់ថានឹងផុតកំណត់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ នៅពេលដែលលោកធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចរចាជាមួយមន្ត្រីសហរដ្ឋអាមេរិក។

លោក Yeo ដែលបានក្លាយជាបេសកជនពាណិជ្ជកម្មថ្មីរបស់ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន មានផែនការធ្វើដំណើរដោយយន្តហោះទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ ហើយគ្រោងនឹងជួបចរចាជាមួយអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅថ្ងៃសៅរ៍ នៅមុនថ្ងៃផុតកំណត់ថ្ងៃទី៩ ខែកក្កដា នៅពេលដែលការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកអាចកើនឡើងយ៉ាងច្រើន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកចាប់ផ្តើមផ្ញើលិខិតនៅថ្ងៃសុក្រនេះ ទៅកាន់ប្រទេសនានា ដែលបញ្ជាក់ច្បាស់ពីអត្រាដំឡើងពន្ធដែលពួកគេនឹងប្រឈមការនាំចូលទៅកាន់សហរដ្ឋអាមេរិក។
ប្រទេសកូរ៉េខាងត្បូង បានស្វះស្វែងរកការលើកលែងពីការដាក់ទណ្ឌកម្មការដំឡើងពន្ធរបស់លោក Trump លើការនាំចូលរថយន្ត និងផលិតផលដែកថែប ព្រមទាំងការយកពន្ធបដិការ២៥ភាគរយ លើសម្ព័ន្ធមិត្តនៅអាស៊ីមួយនេះដែលបច្ចុប្បន្នត្រូវបានផ្អាកសម្រាប់ការចរចា។
