បាល់ទាត់៖ អ្នកចាត់ការបណ្តោះអាសន្ន Manchester United លោក Ralf Rangnick បានបញ្ជាក់ថា លោកចង់រក្សាខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani នៅជាមួយក្រុមដល់ចប់រដូវកាល។ Edinson Cavani ដែលផ្ទេរពី Paris Saint Germain មកកាន់ Manchester United នៅឆ្នាំ២០២០ នោះបានចុះកិច្ចសន្យាបន្តនៅ Old Trafford ដល់ខែមិថុនា ឆ្នាំ២០២២។

កីឡាករជំរើសជាតិអ៊ុយរូហ្កាយរូបនេះមានទំនាក់ទំនងផ្ទេរទៅកាន់ Barcelona និង Juventus នៅខែមករានេះស្របពេលទីផ្សារដោះដូរកីឡាករបើកចំហរ។ លោក Ralf Rangnick បាននិយាយប្រាប់ Cavani តាំងពីថ្ងៃដំបូងដែលលោកមកដល់ Manchester United ថា Cavani ជាសមាជិកសំខាន់របស់ក្រុម ហើយលោកច្បាស់ថា Cavani នឹងនៅបន្ត។ រំលឹកថា កីឡាករវ័យ ៣៤ឆ្នាំរូបនេះគឺជាកីឡាករបម្រុងដែលផ្លាស់ប្តូរចូលស៊ុតបញ្ចូលទីតាមស្មើឱ្យ Manchester United នៅទឹកដី Newcastle ១-១ សប្តាហ៍មុន និងចាប់ផ្តើម ១១នាក់ដំបូងចាប់ដៃគូជាមួយ Cristiano Ronaldo ក្នុងជ័យជំនះ ៣-១ លើ Burnley កាលពីថ្ងៃព្រហស្បតិ៍។ Manchester United កំពុងឈរលេខ ៦ នៅ English Premier League នឹងត្រូវជួបជាមួយ Wolverhampton យប់ថ្ងៃចន្ទនេះ៕
អត្ថបទ៖នាង សុភាវុធ