រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប និងវេសបែង (West Bank) ដោយជំរុញឲ្យសហគមន៍អន្តរជាតិទទួលបន្ទុករបស់ខ្លួន ចំពេលមានស្ថានភាពកាន់តែអាក្រក់ឡើង នៅក្នុងទឹកដីប៉ាឡេស្ទីន។
លោក Abdelatty បានធ្វើការអត្ថាធិប្បាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងរបស់ខ្លួន គឺលោក Jean-Noel Barrot ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីស្ថានភាព នៅតំបន់ហ្កាហ្សា និងវេសបែង ក៏ដូចជាបទឈប់បាញ់អ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងបន្ត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីប។

លោក Abdelatty បានធ្វើបច្ចុប្បន្នភាពជូនលោក Barrot អំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ប្រទេសអេហ្ស៊ីប ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ធានាលំហូរនៃជំនួយមនុស្សធម៌ និងរៀបចំសម្រាប់សន្និសីទអន្តរជាតិស្តីពីការស្តារឡើងវិញ និងការកសាងឡើងវិញនៅដំណាក់កាលដំបូង នៅក្នុងដែនដីនេះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋមន្ត្រីអេហ្ស៊ីបក៏បានព្រមានអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺន នៅតំបន់ វេបែង ចំពេលមានការបន្តការវាយឆ្មក់របស់យោធាអ៊ីស្រាអែល ការចាប់ខ្លួន និងការពង្រីកការតាំងទីលំនៅខុសច្បាប់។
លោកបានបញ្ជាក់ឡើងវិញនូវការអំពាវនាវរបស់ប្រទេសអេហ្ស៊ីបឲ្យមានដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែង ចំពោះបុព្វហេតុប៉ាឡេស្ទីន តាមរយៈការអនុវត្តដំណោះស្រាយរដ្ឋពីរ និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ នៅតាមបណ្តោយព្រំដែន ដែលមានតាំងពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៦៧ ដោយមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។
