វិមានក្រឹមឡាំង បានស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្អាកការផ្តល់សព្វាវុធមួយចំនួនដល់អ៊ុយក្រែន ខណៈក្ដីបារម្ភក្នុងចំណោមទីក្រុងគីវ និងសម្ព័ន្ធមិត្តរបស់ខ្លួន កាន់តែកើនឡើងអំពីជនស៊ីវិលអ៊ុយក្រែន ដែលងាយរងគ្រោះដោយសារការវាយប្រហាររបស់រុស្ស៊ី។
អ្នកនាំពាក្យរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (០៣ កក្កដា) ថា សង្គ្រាមនៅអ៊ុយក្រែន នឹងបញ្ចប់កាន់តែលឿន ប្រសិនបើលោកខាងលិចផ្គត់ផ្គង់អាវុធកាន់តែតិចដល់ទីក្រុងគីវ។

គួរឱ្យដឹងថា សេតវិមានបានបញ្ជាក់ពីការផ្អាកដឹកជញ្ជូនអាវុធការពារដែនអាកាសសំខាន់ៗ និងគ្រាប់បែកជាក់លាក់កំណត់គៅលដៅទៅអ៊ុយក្រែន ជុំវិញក្ដីបារម្ភអំពីការធ្លាក់ចុះនៃឃ្លាំងស្តុករបស់អាមេរិក។
ការផ្អាករបស់អាមេរិកនេះ កើតឡើងនៅពេលអ៊ុយក្រែន ប្រឈមមុខនឹងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីជាច្រើន ខណៈក្ដីកង្វល់កើនឡើងក្នុងចំណោមសមាជិកសភាអាមេរិក អ្នកវិភាគ និងអ៊ុយក្រែន ថាការសម្រេចចិត្តនេះអាចមានន័យថា ជាការមានប្រៀបលើសមរភូមិសម្រាប់ទីក្រុងមូស្គូ និងមានការវាយប្រហារកាន់តែច្រើនលើជនស៊ីវិល។
វិមានក្រឹមឡាំងបាននិយាយម្តងហើយម្តងទៀតថា ការបញ្ជូនអាវុធទៅអ៊ុយក្រែនពីសម្ព័ន្ធមិត្ត ជាចំណុចអូសបន្លាយជម្លោះ ដែលក្រុងមូស្គូបានចាប់ផ្តើម និងបង្កើនហានិភ័យនៃការកើនឡើងកាន់តែតានតឹង៕

